ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្ទុបបណ្ដាលមន្ត្រីស័ក្ត៣ម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីប៉ូលិសសក្ត័៣ បានបាក់កស្លាប់គួរឲ្យរន្ធត់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្តហាយឡេនឌ័រ​ បុករះទាំងកម្រោល ខណៈកំពុងឈប់ស្ទុបក្រហម កាលវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃចន្ទ័ ទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវព្រៃសរ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះមានឈ្មោះ ចន រតនា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបមន្ត្រីអនុសេនីយ៍ឯក អាសយដ្ឋានផ្ទះលេខ១៣៤អឺ៤ហ្សែត ផ្លូវ១៨២ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា ។ បច្ចុប្បន្នស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9621 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបត់ស្ដាំទៅផ្លូវព្រៃសរបានបុករះម៉ូតូ៤គ្រឿងកំពុងឈប់ស្តុប បណ្ដាលឲ្យបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសស័ក្ក៣ បានបាក់កស្លាប់នៅ និងកន្លែង និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ។ ភ្លាមៗរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុភ្លាម ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក និងធ្វើកំណត់ប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖