ខេត្តកណ្ដាល៖ គួរឲ្យអាសូរណាស់ កូនប្រុសអាយុ៤ឆ្នាំ ម្នាក់ស្លាប់ រីឯឪពុកទទួលរងរបួសធ្ងន់ ចំណែកឯផ្ទះត្រូវភ្លើងឆេះអស់ ដោយសារផ្ទុះធុងហ្គាស វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះបញ្ចូលហ្គាស ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ណែម សុកុល ភេទប្រុស អាយុ៣៥ឆ្នាំ របួសធ្ងន់ និងក្មេងប្រុសម្នាក់ទៀតឈ្មោះ កុល រ៉ាវុធ អាយុ៤ឆ្នាំ (ស្លាប់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នា ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកសម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ១ខ្នង ទំហំ៤មx៥ម៉ែត្រ ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី។
តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ គឺបណ្ដាលមកពីធ្លាយធុងហ្គាស ទើបបានជាផ្ទះឆាបឆេះបែបនេះ ៕ ស្អាងជ័យ