ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ផ្លូវក្រោមដី២ខ្សែនៅមុខសាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ នឹងមុខវិទ្យាស្ថានភាសាបរទេស គ្រោង នឹងបើកការដ្ឋានស្ថាបនា នាពេលខាងមុខនេះ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវក្រោមដី២ខ្សែនៅមុខសាកល វិទ្យាល័យភូមិន្ទភ្នំពេញនឹង មុខវិទ្យាស្ថានភាសាបរទេស​ គ្រោងបើកការដ្ឋានស្ថាបនានាពេលដ៏ខ្លីខាងមុខនេះ ខណៈបណ្តោយផ្លូវសហព័ន្ធរុស្សុី ទទួលរងការកកស្ទះចរាចរណ៍ រាល់ថ្ងៃ នៅពេលសិស្សនិស្សិតជាង២ម៉ឺន នាក់ ចេញនិងចូលសាលាក្នុងមួយថ្ងៃៗនេះ ។

ដើម្បីជំរុញឲ្យគម្រោងនេះដំណើរការទៅ ដោយរលូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយក្រុមជំនាញកាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើគម្រោងស្ថាប នាផ្លូវក្រោមដីទាំងពីរខ្សែនេះឲ្យបានរលូន និង ទទួលបានជោគជ័យ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំនោះថា ជាគម្រោងដែលបាននឹងកំពុងសិក្សាទៅលើផ្លូវក្រោមដីទាំង២ខ្សែនេះ គឺមួយខ្សែរត់ក្រោមផ្លូវ សហព័ន្ធរុស្សុីនៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទម្លុះ ទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក។ ចំណែកផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើងនៅមុខវិទ្យាស្ថានភាសាបរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធរុស្សុី ទម្លុះមកផ្លូវ២៦១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្នុងគម្រោងនេះដែរ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស៥ មករា រហូតដល់ស្ពានអាកាស៧មករា គឺគ្រោងនិងបិទរបាំងថ្មទ្រូងផ្លូវ មិនឲ្យធ្វើចរាចរឆ្លងកាត់តែម្ដង។

ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សាវែកញែករកដំណោះស្រាយ ថាតើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវនិងសុភាពាណិជ្ជកម្មកម្ពុជា នឹងចេញចូលច្រកណាមួយ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យក្រុមការងារធ្វើការសិក្សាឲ្យបានម៉ត់ចត់ លើកគម្រោងស្ថាបនាផ្លូវក្រោមដី ២ខ្សែនេះ។ ដោយលោកជំរុញឲ្យមានកិច្ចប្រជុំលើកក្រោយទៀត ដោយត្រូវអញ្ជើញនាយកសាលាទាំងពីរខាងលើ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងសភាពាណិជ្ជកម្មកម្ពុជា មកប្រជុំរួមគ្នាមួយដើម្បីរកដំណោះស្រាយរួម មុននឹងដាក់ឲ្យគម្រោងខាងលើដំណើរការ ព្រោះថា គម្រោងនេះត្រូវតែអនុវត្តហើយ ដោយ សារតែមាននិស្សិតប្រមាណជាង២ម៉ឺននាក់ចេញ ពីសកលវិទ្យាល័យទាំងពីរនេះហើយតែងតែ កកស្ទះចរាចរណ៍រាល់ថ្ងៃ ខណៈដែរនិស្សិតចេញនិងចូលក្នុងសាលា ៕ សំរិត


ចែករំលែក៖