ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៩៤ ន.ខ ១៩ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ចាប់ខ្លួនជនសង្ស័យ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងរកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់បន្ថែមទៀត ។
របាយការណ៍ខាងលើបន្តថា កិច្ចប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃសុក្រ ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ជនសង្ស័យនាំខ្លួនតាមដីកាតុលាការ ឈ្មោះ ជូ ហ៊ើម ហៅ(ជ័យ ពីនី) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ វត្ថុតាងជាក់ស្ដែង ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់តូច ដែលជនសង្ស័យដាក់ក្នុងប្រអប់ស្ករកៅស៊ូ(ដប់ប៊ែលមីន) កាន់ក្ដាប់ជាប់នៅដៃខាងឆ្វេង និងទូរស័ព្ទដៃ ១គ្រឿង ជនសង្ស័យនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលភ្នំក្រវាញ មុននឹងបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕ បុឹម ពិន