ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗលេចមុខថ្ងៃពិធីជប់លៀងបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។

សិល្បករដែលមានវត្តមានក្នុងកម្មវិធីនោះ មានដូចជាកញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ដួង ម៉ានិច លោក សន ពិសិដ្ឋ កញ្ញា ម៉ានីកា កញ្ញា ផាត់ ផាន់ណា និងសិល្បករជាច្រើនរូបទៀត ។ ក្នុងនោះដែរ ក៏មានវត្តមានបុគ្គលិកគ្រប់ជាន់ថ្នាក់នៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។

លោក សន ពិសិដ្ឋបានបញ្ជាក់ថាកន្លងមកថ្មីៗនេះ លោកទើបនឹងចាប់ផ្តើមថតភាពយន្តភាគមួយរបស់ទូរទស្សន៍មួយនេះ គឺរឿង សម្បថនិស្ស័យ រួមគ្នាជាមួយសិល្បករជាច្រើនរូបទៀត ។

លោកថា កម្មវិធីជប់លៀងបុគ្គលិកមែនប៉ុន្តែសិល្បករមួយចំនួយក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសផងដែរ ដែលបង្ហាញពីការស្រឡាញ់រាប់អានរបស់ផលិតករ និងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ជាមួយសិល្បករ ។

លោកថា ក្រៅពីផ្តល់ការងារសម្រាប់សិល្បករ ទូរទស្សន៍ក៏ធ្លាប់បានបង្កើតកម្មវិធីជួបជុំជាច្រើនបន្តបន្ទាប់ដើម្បីបង្កើតរូបភាពសកម្មភាពស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ។ លោកអរគុណសម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលបាន ផ្តល់ឱកាសសម្រាប់លោកនិងសិល្បករជាច្រើនទៀតដើម្បីចូលរួមថតភាពយន្តភាគជាបន្តបន្ទាប់ ៕ វឌ្ឍនា


ចែករំលែក៖