ភ្នំពេញ៖ យុវជន ធី វណ្ណថា ធ្លាប់បានសាងស្នាដៃលេចធ្លោរក្នុងវិស័យភាពយន្តជាច្រើនដូចជារឿង វីរនារីក្នុងភ្លើងគំនុំ និងរឿង ឧក្រិតជន ជាដើម ។ ថ្មីៗនេះលោក បានបង្កើតស្នាដៃភាពយន្តអប់ខ្លីៗឆ្លុះបញ្ចាំងពីតថភាពសង្គមពិតជាក់ស្តែង និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។
យុវជនមានប្រវត្តិកម្សត់តស៊ូពីគ្រួសារក្រីក្រមួយនៅស្រុកស្អាងខេត្តកណ្តាលរូបនេះលើកឡើងថា ប្រឈមនឹងជីវភាពលំបាកលោកបានសិក្សាត្រឹមថ្នាក់ទី៩តែប៉ុណ្ណោះ នៅក្នុងសាលាមួយនៃអង្គការ Chibodia ។ ទីនេះហើយដែលជាទីកន្លែងដែលលោកទទួលបានឱកាសសិក្សាវគ្គខ្លីៗ និងហ្វឹកហាត់លើជំនាញកាត់តរូបភាព និងវីដេអូ ក៏ជាបំណិនមួយដែលលោកស្រឡាញ់ចូលចិត្ត ។
ការព្យាយាមសិក្សាស្វែងយល់ពីការងារនេះផងនិងឆ្លៀតធ្វើការរកថិវការសម្រាប់ជួយខ្លួនឯងផងជំរុញឲ្យលោកកាន់តែពង្រីកសមត្ថភាពឈានដល់ទទួលបានឱកាសការងាររួមជាមួយផលិតករក្នុងស្រុក ក្នុងនោះក៏មានផលិតករបរទេសចាប់អារម្មណ៍ផងដែរ ហើយការងារលោកភាគច្រើនជាមួយក្រុមហ៊ុនបរទេស ។ លោកបានចាប់ផ្តើមប្រឡូកក្នុងអាជីពកាត់តរូបភាព និងភាពយន្តក្នុងឡុងឆ្នាំ២០០៧ ក្នុងតួនាទីជាអ្នកកាត់ត ។ ទទួលបានបទពិសោធន៍ជាមួយការងារ និងចូលចិត្តរៀនពីអ្វីថ្មីៗជំរុញលោក ចាប់បានការងារបន្ថែមជាអ្នកថត និងជាអ្នកដឹកនាំការផលិតដោយផ្ទាល់បូករួមទាំងនិពន្ធផងដែរ ។
លោកចាំបានថា ស្នាដៃដឹកនាំភាពយន្តដែលទទួលបានការចាប់អារម្មណ៍ច្រើននោះគឺភាពយន្តបែបឧក្រិតកម្មដែលបានដកស្រង់ចេញពីរឿងពិត រហូតឈានដល់ការផលិតស្នាដៃជាច្រើនបន្ថែទៀត ។
ផ្នត់គំនិតក្នុងចិត្តបូករួមក្តីស្រម៉ៃមួយចង់ផលិតភាពយន្តបែបដោយឯករាជបានធ្វើឲ្យលោកសម្រេចចិត្តចាកចេញពីការងារដែលទទួលបានប្រាក់បៀវត្សរ៍ជាងខ្ទង់១ពាន់ដុល្លារនោះ មកបង្កើតក្រុមថ្មីដែលមានឈ្មោះថា Atra Media ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៩នេះ ហើយចាប់ផ្តើមផលិតភាពយន្តអប់រំមួយចំនួនដោយខ្លួនឯងផងដែរ ។
រយៈពេល៦ខែនេះលោកឆ្លងកាត់ការលំបាកជាច្រើនពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុ ខណៈទ្រព្យធនមួយចំនួនដែលមានពីមុនមកត្រូវបានលក់ ការចំណាយដោយភាពសន្សំសច្ចៃដើម្បីចាប់ផ្តើមការផលិត ។ អ្វីដែលលោកសប្បាយចិត្តគឺទទួលបានការលើកទឹកចិត្តពីភរិយា និងក្រុមការងារ រហូត សម្រេចបានសម្មិទ្ធផលមួយចំនួន ក្នុងនោះមានភាពយន្តអប់រំខ្លី៣ លេចជារូបរាងឡើង ហើយទទួលបានការគាំទ្រ ការចែករំលែក និងបញ្ចេញទស្សនៈពេញចិត្តជាច្រើន និងជាកម្លាំងមួយបន្ថែមទៀតសម្រាប់លោកបន្តដំណើរឈានទៅដល់ការផលិតភាពយន្តថ្មីៗបន្តទៀត ។
ស្ថាបនិក វ័យ២៧ ឆ្នាំរូបនេះបន្តទៀតថា ភាពយន្តបង្កប់ទស្សនៈអប់រំដែលទើបនឹងផ្សព្វផ្សាយនឹងទទួលបានការពេញចិត្តមានដូចជារឿង ថង់បាយ ដែលបង្កប់អត្ថន័យស៊ីជម្រៅថា ថង់បាយដែលអ្នកមានជីវភាពធូធារបោះបង់ចោលប៉ុន្តែអ្នកក្រអាចទទួលទានបាយបោះចោលនោះបាន ។ ភាពយន្តមួយទៀតគឺរឿង រវល់ ដែលនិយាយអំពីកូនដែលរវល់នឹងការងារភ្លេចគិតដល់សុភមង្គលក្នុងគ្រួសារ ។ ចុងក្រោយគឺរឿង មើលងាយ ដែលដកស្រង់ពីជីវិតពិតខ្លះ តថភាពសង្គមខ្លះ ហើយទទួលបានការពេញចិត្តខ្លាំង ។
បើទោះបីជាមិនទាន់ទទួលប្រាក់ចំណូលមកវិញក៏ដោយក៏យុវជនរូបនេះ និងក្រុមការងារនៅតែបន្តចិញ្ចឹមចិត្តតស៊ូ ជម្នះការលំបាកដើម្បីបំពេញក្តីសុបិន្តរបស់ខ្លួននៅថ្ងៃខាងមុខ ។ សម្រាប់ថ្ងៃខាងមុខលោកគ្រោងនឹងបញ្ចេញស្នាដៃនិពន្ធ និងផលិតភាពយន្តអប់រំថ្មីៗបទចម្រៀង Original Song ថ្មីៗបន្ថែមទៀតដើម្បីចូលរួមចំណែកជួយដល់សង្គម ដែលលោករំពឹងថានឹងទទួលបានការចូលរួមឧបត្ថម្ភសហការផលិតនូវស្នាដៃទាំងនោះឲ្យលេចជារូបរាងឡើង ។
លោកស្នើឲ្យមហាជនជួយគាំទ្រផ្តល់តម្លៃស្នាដៃផលិតដោយកូនខ្មែរ និងជួយចែករំលែកនូវភាពយន្តល្អៗបង្កប់ដោយទស្សនៈអប់រំលើកកម្ពស់សីលធម៌ជីវិតរស់នៅការស្រឡាញ់រាប់អានគ្នាក្នុងសង្គម៕ វឌ្ឍនា