ខេត្តសៀមរាប៖ ក្រោយទទួលបទបញ្ជាពីលោកស្នងការខេត្ត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបចុះបញ្ជាផ្ទាល់ឲ្យឃាត់ខ្លួនជនសង្ស័យបាន២នាក់ កាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចបរិវេណផ្ទះគ្រូបង្រៀន ក្នុងភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យ២នាក់ រួមជាមួយបក្សពួកម្នាក់ទៀត កំពុងរត់គេចខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះនង សុថាង ហៅចេម ភេទប្រុស អាយុ១៦ឆ្នាំ ។ ទី២-ឈ្មោះគ្រួច ទី ហៅរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំអ្នកទាំងពីររស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធ និងករណីអំពើលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានធ្វើសកម្មភាពពួកគេបាននាំគ្នាជិះម៉ូតូម៉ាក Icon ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1AH-9253 លេខតួ លេខម៉ាស៊ីន 8001983 ហើយក៏បានលួចម៉ូតូម៉ាកZOOMER.Xពណ៌ក្រហម.លាយខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ សៀមរាប 1AA-1084 លេខតួ.លេខម៉ាស៊ីន 5209962 របស់ជនរងគ្រោះឈ្មោះប៉ៅ សុខា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ក្រោយពេលលួចបានហើយ ជនសង្ស័យក៏បណ្តើរម៉ូតូបានប្រហែល៣០ម៉ែត្ររួចកាត់ខ្សែភ្លើងដើម្បីបញ្ឆេះម៉ូតូ ក្នុងពេលដែលក្រុមជនសង្ស័យកំពុងតែកាត់ខ្សែភ្លើង ក៏ត្រូវនគរបាលការិយាល័យការពារ និងតម្រួតបញ្ជាល្បាតប្រទះឃើញជនសង្ស័យបើកម៉ូតូទៅក្បែរ ស្រាប់តែជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួន ដោយទុកជនសង្ស័យឈ្មោះនង សុថាង ហៅចេម នៅ និងម៉ូតូ បន្ទាប់មកសមត្ថកិច្ចក៏បានសហការជាមួយកម្លាំងនគរបាលរបស់ការិយាល័យការពារ និងតម្រួតបទបញ្ជានាំខ្លួនជនសង្ស័យឈ្មោះ នង សុថាង ហៅចេម មកសួរនាំក្រោយពេលសួរនាំជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាធ្វើសកម្មភាពលួចម៉ូតូខាងលើពិតមែន និងឆ្លើយសារភាពទៀតថា ខ្លួនប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកផងដែរ ។
ប្រភពបន្តថា នៅវេលាម៉ោង០៩.ព្រឹក ជនសង្ស័យឈ្មោះនង សុថាង ហៅចេម ក៏បាននាំសមត្ថកិច្ច ចុះទៅនាំខ្លួនជនសង្ស័យឈ្មោះគ្រួច ទី ហៅរ៉ូ ព្រមទាំងដកហូតមធ្យោបាយប្រព្រឹត្ត មកសាកសួរ ក្រោយពីសាកសួរសរួចជនសង្ស័យក៏បានសារភាពថាខ្លួន និងឈ្មោះនង សុថាង រួមជាមួយបក្ស (គេចខ្លួន) ពិតជារៀបគម្រោងលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ហើយក៏បានសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន២ឆ្នាំ១០ខែ ពាក់ព័ន្ធ នឹងករណីអំពើលួចផងដែរ ។
បច្ចុប្បន្ននគរបាលអធិការដ្ឋានបានឃាត់ខ្លួនដើម្បីកសាងនីតិវិធី បញ្ជូនទៅផែនការងារព្រហ្មទណ្ឌខេត្តបន្តនីតិវិធីទៅតុលការ ៕ ប៊ុនរិទ្ធី