ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នសាទរ គយក្រសួងចុះបង្ក្រាបទីតាំងស្តុកទំនិញចម្រុះអត់ពន្ធនៅក្រោយផ្សារលើធំថ្មី

ចែករំលែក៖

ខេត្តសៀមរាប៖ ទីតាំងស្ដុបទំនិញអត់ពន្ធមួយកន្លែងនៅកណ្ដាលក្រុងសៀមរាបត្រូវកម្លាំងគយ និងរដ្ឋាករនៃអគ្គនាយកដ្ឋានគយកម្ពុជា សហការជាមួយគយចល័ត និងគយខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងស្តុកទំនិញចម្រុះអត់ពន្ធប្រមាណជា៥០ភាគរយ នៅកណ្តាលក្រុងសៀមរាបប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនបានឲ្យដឹងថា ទំនិញមួយចំនួនគ្មានបង្កាន់ដៃបង់ពន្ធនាំចូល នៅក្នុងផ្ទះ២ល្វែង និងឃ្លាំងជាប់ផ្ទះស្តុកឥវ៉ាន់ ដែលមានម្ចាស់ផ្ទះឈ្មោះអ៊ីង ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ សមត្ថកិច្ចបន្តថា បន្ទាប់ពីសមត្ថកិច្ចចម្រុះឆែកឃើញមានទំនិញខ្លះមិនមានបង្កាន់ដៃបង់ពន្ធនាំចូល សមត្ថកិច្ចក៏សម្រេចបិទទីតាំងខាងលើនេះបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ទីតាំងចូលខ្លួនទៅដោះស្រាយបង់ពន្ធ និងពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ឡើងវិញ ។

ប្រភពបានបង្ហើបឲ្យដឹងថាទីតាំងសមត្ថកិច្ចគយចុះបង្ក្រាបនេះបានស្តុកទំនិញជាយូរណាស់មកហើយ ដោយកន្លងទៅគេសង្កេតឃើញមានរថយន្តធំៗជាច្រើនបានដឹកទំនិញមកស្តុកទុក និងទម្លាក់នៅទីនេះដោយគ្មានរំខានដល់សមត្ថកិច្ចជំនាញខេត្តសោះឡើយ ។ ប្រភពបន្តថាទីតាំងខាងលើគេថាមានខ្សែធំ ហើយឡានយីឌុបធំៗចតទម្លាក់ឥវ៉ាន់កណ្តាលផ្លូវធ្វើឲ្យកកស្ទះចរាចរស្ទើរាល់ថ្ងៃ ។

ពលរដ្ឋនៅជុំវិញទីតាំងខាងលើនេះ បានសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចគយក្រសួង ដែលបានចុះបង្ក្រាបទីតាំងខាងលើនេះ ។ ក្នុងនោះដែរពលរដ្ឋស្នើឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ខេត្តសៀមរាប ទាំងអស់មេត្តាជួយពិនិត្យទីតាំងខាងលើនេះផង ព្រោះពួកគេចតឡានធំៗស្ទះផ្លូវក្រោយផ្សារលើធំថ្មីនេះស្ទើររាល់ថ្ងៃ ។

ប្រភពបានឲ្យដឹងថា ទំនិញគេចពន្ធ ដែលគេនាំចូលពីខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ចូលមកខេត្តសៀមរាប កំពុងកើតមានដូចទឹកបាក់ទំនប់ ខណៈសាខាគយ និងរដ្ឋករខេត្តសៀមរាប សម្ងំក្រាបពងដើម្បីភ្ញាស់កូន ៕ ប៊ុនរិទ្ធី


ចែករំលែក៖