ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយជនបង្ក និងរថយន្ដ ខណៈបើកបុកម៉ូតូមួយគ្រឿងស្លាប់មនុស្ស២នាក់ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ រួចរត់ទៅលាក់ខ្លួននៅស្រុកស្អាង

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ដ្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះថា ជនបង្កដែលបើករថយន្ដកាមរីហាយប្រឺដ បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់២នាក់ភ្លាមៗ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ ត្រូវកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ តាមចាប់ខ្លួនបានហើយ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅស្រុកស្អាង ខេត្តកណ្ដាល ខណៈដែលជនសង្ស័យកំពុងលាក់ខ្លួនក្រោយបង្កហេតុរួច ។ ដោយប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កដែលកម្លាំងនគរបាលជំនាញតាមចាប់ខ្លួនបាននោះមាន ឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៣៣ឆ្នាំ ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្ដបង្កមួយគ្រឿង ម៉ាកកាមរីហាយប្រឺដ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-0035 ។

លោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ គឺជាអ្នកបើករថយន្ដផ្ទាល់តែម្ដង ហើយត្រូវជាពូរបស់ឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ ដែលជាម្ចាស់រថយន្ដ បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន កាលពីម្សិលមិញ នៅផ្ទះរបស់ខ្លួនស្នាក់នៅ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយឡែក ឈ្មោះ ឆេង ម៉េងលី ដែលជាឈ្មោះនៅក្នុងប័ណ្ណសម្គាល់យានយន្ដនោះ គឺជាបងជីដូនមួយរបស់ ឆេង គីមលី ហើយមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រលប់ទៅផ្ទះវិញហើយ ។

សពជនរងគ្រោះឈ្មោះ ចាន់ ណា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបរម៉ូតូ ចំណែកស្ត្រីម្នាក់ទៀតដែលជិះជាមួយអង្គុយខាងក្រោយមិនស្គាល់អត្តសញ្ញាណនោះទេ ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ កើតឡើងកាល ពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានក្រុមហ៊ុនចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយមុនកើតហេតុបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IC 4551 ឌុបនារីម្នាក់ដោយមានដឹកនំប៉័ងផងនោះ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ដោយព្យាយាមវ៉ាជែងគេឯង ក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តបង្កម៉ាកកាមរីហាយប្រឺដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិននឹងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់ពីបុករួចរថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុ បាត់ស្រមោល ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយទំនាក់ទំនងទៅកម្លាំងនគរបាលជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកធ្វើការស្រាវជ្រាវភ្លាមៗ ដោយឆែកកាមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរនោះ រហូតស្គាល់អត្តសញ្ញាណម្ចាស់ផងដែរ ។ លុះនៅវេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងជំនាញចរាចរណ៍បានឈានទៅដល់ការឃាត់ខ្លួនម្ចាស់រថយន្តមានឈ្មោះ ឆេង គឹមលី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលត្រូវជាក្មួយជនបង្កមានឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើករថយន្តបុកជនរងគ្រោះឲ្យស្លាប់បានរត់គេចខ្លួនបាត់រួមជាមួយរថយន្តបង្កផងដែរ ។

បច្ចុប្បន្នជនបង្កឈ្មោះ ហ៊ុយ ទូច រួមជាមួយរថយន្ដ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕ស តារា


ចែករំលែក៖