ភ្នំពេញ ៖ គូសង្ស័យមួយគូ បាមជិះម៉ូតូឌុបគ្នាទៅយកអត្តសញ្ញាណប័ណ្ណបែជាជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវ រថយន្តកូរ៉េឃ្លប់ដឹកក្រណាត់បើកបត់កៀរកិនម៉ូតូ ស្លាប់ខាងប្រុស រីឯខាងស្រីរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើឈ្មោះ បឺយ សី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត ភូមិកណ្តោល ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចំណែកនាងជាគូសង្សារ មានឈ្មោះ លី សុខណាន អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ជាមួយបុរសជាសង្សារដែរ ភូមិកណ្តោល ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចំណែកអ្នកបើកបររថយន្តបង្ក សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ផន ផាណាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកក្រណាត់ មានទីលំនៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-9103 ជិះឌុបគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ តាមផ្លូវបេតុងខាងលើ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ឃ្លប់ ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3B-3739 ដឹកក្រណាត់រោងចក្រ បើកស្របទិស មកដល់បត់ស្តាំ ទាំងមិនបានមើល ក៏កៀរម៉ូតូ ជនរងគ្រោះ ដួល ខ្ទាតជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ កិនចំក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯនារីម្នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។
តាមសម្តីនារីជាគូសង្សារវិញ បានយំរៀបរាប់ថា មុនកើតហេតុ នាងនិងគូសង្សារ ឌុបគ្នាចមកពីបន្ទប់ជួលរបស់នាងនៅឯខាងស្រុកអង្គស្នួល គោលបំណង មកយកអត្តសញ្ញាណប័ណ្ណ របស់សង្សារ ដើម្បីយកទៅធ្វើឯកសារចូលធ្វើការងាររោងចក្រ លុះជិះម៉ូតូឌុបគ្នា ជិតដល់ផ្ទះជួលទៅហើយ ស្រាប់តែ រថយន្តបង្ក បើកស្របទិស បត់ស្តាំមកកៀរម៉ូតូ កិនស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកឯរថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផងនោះ ប្រគល់ទៅការិយាល័យចរាចរណ៍ជើងគោក កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ