ភ្នំពេញ៖ បាត់មុខលើវិស័យសិល្បៈអស់រយៈពេលជាយូ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សូលិកា បានបង្ហាញមុខជាថ្មីរហូតធ្វើឲ្យអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើល។ វិលមកមិនបានមួយឆ្នាំពេញផងតារាស្រីស្រស់សោភាពរូបនេះជួបរឿងរ៉ាវចម្រូងចម្រាស និងការរិះគន់ជាបន្តបន្ទាប់ធំៗរហូតដល់ទៅ៥ដងផ្ទួនៗគ្នា។
ស្ងាត់បាត់មុខពីសិល្បៈកន្លងមក ប៉ុន្តែ ពេជ្រ សូលីកានៅតែរងពាក្យចចាមអារ៉ាវភ្ជាប់ស្នេហ៍ជាមួយមន្ត្រីធំ និងមានកូនស្រីរួចទៅហើយ។ វិលវិញភ្លាមរឿងចម្រូងចម្រាសពិបាកទទួលយកជាច្រើនបានកើតមានឡើងចំពោះរូបនាងមានដូចជា៖
ទី១ នាងបានភ្ជាប់ពាក្យជាមួយសង្សាររបស់មិត្តជិតដិតនាង ថៃ នារី សុជាតា សង្គ្រាមពាក្យសម្តីវាយប្រហាធ្ងន់ៗរបស់ ថៃ នារីសុជាតា និង ប៊េនីយ៉ាំង មកលើកពេជ្រ សូលីកា ធ្វើឲ្យនាងរងនូវភាពអាមាសមិនតិចទេ រហូតជាប់ឈ្មោះជាមិត្តលូកថ្លើមមិត្ត។ ដំណឹងស្នេហានេះធ្វើឲ្យនាងរងការវាយប្រហារ និងពេបជ្រាយខ្លាំងពីអ្នកលេងបណ្តាញសង្គមជាច្រើន ហើយបើទោះបីជានាងព្យាយាមចេញមុខបកស្រាយ និងដាក់ពាក្យបណ្តឹងក៏ការរិះគន់ជាច្រើននៅតែបាញ់ជះទៅលើនាង។
ទី២ ដំណឹងធ្លាប់ភ្ជាប់ស្នេហ៍ជាមួយមន្ត្រីយោធាម្នាក់ ស្របនឹងដំណឹងដណ្តើមសង្សារមិត្តភ័ក្កិមិនទាន់ស្ងប់ស្ងាត់ផង តារាស្រីរូបនេះត្រូវបានគេទម្លាយថាបានភ្ជាប់ស្នេហ៍ជាមួយមន្ត្រីមានមុខមាត់ម្នាក់អស់ជាច្រើនឆ្នាំ និងបានចែកផ្លូវគ្នាដើរ មុនពេលភ្ជាប់ពាក្យជាមួយស្វាមីបច្ចុប្បន្ន។
ទី៣ លេចធ្លាយរូបថតក្មេងស្រីម្នាក់មានមុខមាត់ដូចពេជ្រ សូលីកា កុមារីមុខស្រស់ឈ្មោះ ថាម៉ីជីង មានមុខមាត់ស្អាតគួរឲ្យស្រលាញ់មុខស្រដៀងគ្នា និងពេជ្រ សូលីកា ត្រូវបានគេបញ្ចេញពេញបណ្តាញសង្គមហ្វេសប៊ុក រហូតមានការលើកឡើងថាកុមារីនេះគឺជាកូនស្រីបង្កើតរបស់នាងជាមួយនឹងអតីតស្វាមីដែលចែកផ្លូវគ្នា ប៉ុន្តែត្រូវបានតារាស្រីរូបនេះចេញមុខបដិសេធ និងលើកឡើងថាគឺជាប្អូនស្រីបង្កើតរបស់នាង។
ទី៤ មានផ្ទៃពោះជាមួយគូដណ្តឹងមុនរៀបការជាមួយគូដណ្ដឹង មានមហាជនមិនតិចទេដែលបញ្ចេញពាក្យសម្តីរិះគន់ ទៅលើតារាចម្រៀងស្រី ពេជ្រ សូលីកា ក្រោយពីតារាស្រីរូបនេះទម្លាយរឿងរ៉ាវពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយគូដណ្តឹង។ ពួកគេរិះគន់ខ្លាំងៗថាជាសិល្បករ និងជាគំរូរបស់មហាជនមិនគួរបណ្តោយខ្លួនឲ្យមានផ្ទៃពោះមុនពេលពិធីសំពះផ្ទឹមរៀបការបានមកដល់នោះទេ។
ទី៥គឺទុក្ខមហាធំខណៈម្ដាយក្លាយជាឃាតកសម្លាប់គូស្នេហ៍ភេទដូចគ្នា ករណីឃាតកម្មសម្លាប់ស្ត្រីមានមុខរបរចងការប្រាក់វ័យ៥០ឆ្នាំ នៅបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចវែកមុខឃាតក ដែលត្រូវជាម្ដាយបង្កើតរបស់កញ្ញា ពេជ្រ សូលីកា តែម្តង។ ជនសង្ស័យត្រូវបានគេស្គាល់ថាឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ បានសារភាពខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ដោយសង្កត់ដៃ សង្កត់ជើង និងយកខ្នើយផ្ទប់ដង្ហើមស្របពេលមានជម្លោះជាពាក្យសម្តី និងក្រោយពីជនរងគ្រោះមានសភាពស្រវឹង។ ដំណឹងនេះបានធ្វើឲ្យកក្រើកខ្លាំងពេញផ្ទៃប្រទេស ខណៈគេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីតារាស្រីរូបនេះនៅឡើយ។
ទោះជាយ៉ាងណារឿងរ៉ាវផ្ទួនៗកើតមានលើតារាចម្រៀងរូបនេះបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនបង្ហាញសារលើកទឹកចិត្ត និងចូលរួមជាកម្លាំងចិត្តសម្រាប់នាងពិសេសស្របពេលដែលនាងកំពុងមានផ្ទៃពោះនោះ៕ វឌ្ឍនា