ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសជនជាតិចិន២នាក់ បង្ហោះដ្រូនថតចាប់យកទិដ្ឋភាពនានានៅតំបន់ហាមឃាត់ព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ជំនះ នៃអធិការខណ្ឌដូនពេញ បានឃាត់ខ្លួនជនជាតិចិន២នាក់ ខណៈដែលពួកគេនាំគ្នាបង្ហោះដ្រូន ប្រភេទTrone ដែលបំពាក់កាមេរ៉ា ដើម្បីថតចាប់យកទិដ្ឋភាពនានានៅតំបន់ហាមឃាត់ព្រះបរមរាជវាំង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុច ក្នុងព្រះបរមរាជវាំង ភូមិ០១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ០២នាក់នោះ ទី១.ឈ្មោះ CHEN YONG ភេទប្រុស អាយុ៥១ឆ្នាំជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ E86293333 ស្នាក់នៅសណ្ឋាគារ WHEN THAI ស្ថិតនៅ ផ្ទះលេខ១១៥ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី២.ឈ្មោះ WU MINGQING ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ E9915813ស្នាក់នៅសណ្ឋាគារ WHEN THAI ស្ថិតនៅផ្ទះលេខ១១៥ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទបង្ហោះឧបករណ៍ដ្រូនបំពាក់ដោយកាមេរ៉ាថតរូបបញ្ជាដោយតេឡេកុម្ម៉ង់(DRONE) នៅត្រង់ចំណុច ក្នុងព្រះបរមរាជវាំង ភូមិ ០១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហតុ គឺបុរសចិន២នាក់នេះ ដែលជាអ្នកទេសចរណ៍ បានចូលទស្សនានៅក្នុងព្រះបរមរាជវាំង ហើយក៏បើកកាបូបយកយន្តហោះប្រភេទ ដ្រូន ទៅបង្ហោះនៅក្នុងបរិវេណវាំងដើម្បីថតចាប់យកពីរូបភាព និងទិដ្ឋភាពនានានៅក្នុងវាំងតែម្តង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការក្នុងព្រះបរមរាជវាំងឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ចាត់ការបន្ត។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន ៖ DRONE ចំនួន០១ម៉ាក dJI ពណ៌ប្រផេះ០១គ្រឿង ផលិតនៅប្រទេសចិន ។ ;ទូរស័ព្ទដៃចំនួន០២ គ្រឿង (១.iPhone7ពណ៌ មាស ,២.iPhon X max ពណ៌ ខ្មៅ)។ ថ្ម ចំនួន ០២ដុំ ម៉ាក dJI ពណ៌ ប្រផេះ ។ តេឡេសម្រាប់បញ្ជាចំនួន០១គ្រឿង ម៉ាក dji ពណ៌ខ្មៅ ០១គ្រឿង។ កាមេរ៉ាថតរូបម៉ាកBIKON ពណ៌ខ្មៅ០១គ្រឿង។ ផ្លាសថតរូបម៉ាកBODOX ពណ៌ខ្មៅ០១។ កាបូបស្ពាយក្រោយខ្នងពណ៌ ខ្មៅ០១ ។ កាបូបស្ពាយដាក់(DRONE) ប្រផេះ០១ ។ លិខិតឆ្លងដែន០២ច្បាប់ ។

បច្ចុប្បន្នជនជាតិចិន២នាក់ខាងលើ ត្រូវបានកម្លាំងខណ្ឌនិងប៉ុស្តិ៍ បានប្រគល់ឲ្យទៅកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ៕ស តារា


ចែករំលែក៖