ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋជាអ្នកនេសាទត្រី បានប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកទន្លេសាប នៅមុខផ្សាររាត្រី កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវសនិង ស្លៀកខោខ្មៅ ។
តាមប្រភពព័ត៌មានពីអ្នកនេសាទត្រីដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលប្រទះឃើញសព គាត់និងក្រុមគ្រួសារបានចេញពីកន្លែងស្នាក់នៅ ដើម្បីមកនេសាទត្រីដូចសព្វដងនៅតាមច្រាំងទន្លេ ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានធុំក្លិនស្អុយ ក៏ក្រឡេកមើលទៅឃើញមានវត្ថុអ្វីម្យ៉ាងអណ្តែតទឹក ដោយមានការសង្ស័យ បាននាំគ្នា អុំទូកមកក្បែរច្រាំងទន្លេមើល ស្រាប់តែប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង បានទំនាក់ទំនងទៅសមត្ថកិច្ចការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកត្រួតពិនិត្យកោសល្យវិច័យសព បានបញ្ជាក់ថា សពខាងលើបានស្លាប់ដោយសារលង់ទឹក ហើយក្រោយពីធ្វើកោសល្យវិច័យរួចរាល់ ហើយសពត្រូវបានដឹកយកទៅតម្កល់ទុក្ខនៅវត្តទួលអស់លោក ដើម្បីរង់ចាំនឹងស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស តារា