ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេតសំណុំរឿងម្តាយតារាចម្រៀង ពេជ្រ សូលីកា សម្លាប់គូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា បានបិទបញ្ចប់ហើយ នៅដំណាក់ការអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
លោកអធិការនគរបាលខណ្ឌមានជ័យ បន្តថា ករណីនេះ គឺ មានតែម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលជាអ្នកប្រព្រឹត្ត ពោលគឺគ្មានអ្នកដទៃផ្សេងទៀតទេ ដែលត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ ។
នៅដំណាក់កាលប៉ូលិស ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពរួចហើយ ថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ។
អំពើឃាតកម្មដ៏រន្ធត់នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមដំណើរឿង គឺ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូតែម្នាក់ឯង មកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ដោយមានទំនាក់ទំនងស្រលាញ់ស្រីដូចគ្នា ។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង២វង់ដូចធម្មតា បានខឹងប្រចណ្ឌ ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត ទើបជនសង្ស័យបានទារលុយចំនួន១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ ។
តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ ទន់ជើង ដូចមនុស្សស្រវឹងស្រាជោកជាំ ទើបជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។
ប៉ុន្តែ ក្រោយមក លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងបំបែកសំណុំរឿងនេះ បានដោយជោគជ័យ ផងដែរ ៕ ចេស្តា