ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួនក្រុមឈ្មួញដឹកឈើប្រណីតខុសច្បាប់៣នាក់ រថយន្ដ៣គ្រឿង និងឈើមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថស្រុកចំនួន៤នាក់ រថយន្ត១គ្រឿង និងអាវុធហត្ថខេត្តចំនួន៨នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ក្នុងការចុះបង្រ្កាបករណីរថយន្តដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឃាតរថយន្ដបានចំនួន៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ កាលពីយប់វេលាម៉ោង១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

តាមប្រភពបានឲ្យដឹងថា ក្រុមឈ្មួញទាំងនេះ សុទ្ធសឹងតែជាឈ្មួញដុះស្លែរប្រចាំតំបន់កំពង់ធំ ហើយក៏ជាឈ្មួញដែលមានខ្សែស្រឡៃអ្នកធំក្នុងខេត្តផងដែរ ទើបហ៊ានដឹកជញ្ជូនបទល្មើសទាំងនេះ ទាំងគឃ្លើនមិនខ្លាចពីសំណាញ់ច្បាប់សូម្បីតែបន្ដិច ។

ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ ឆ្នាំ ភូមិអំពិល ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ទី២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ ឆ្នាំ ភូមិសែនពន្លួង ឃុំសម្រោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត(ម្ចាស់ការ៉ាស់ហ្គាស) ។ ទី ៣-ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ ឆ្នាំ ភូមិខ្នាយ ឃុវត្តអង្គ ស្រុកបន្ទាយមាស ខេត្តកំពត(កម្មករបញ្ចូលហ្គាស) ។ ព្រមទាំងរថយន្តចំនួន៣គ្រឿង= ១-រថយន្តម៉ាក់ធុនដ្រា(Tundra) ពណ៌ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981 ។ ២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៌ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ 2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841 ។ ៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970 និងឈើសុក្រំចំនួន២រថយន្ត ប្រគល់ឲ្យ អាវុធហត្ថខេត្តកំពងធំ កំពុងតែរាប់តែរាប់ចំនួនឈើ ៕ ប៊ុនរិទ្ធី


ចែករំលែក៖