ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមួយគ្រឿង បានសម្រេចគេចខ្លួនបាត់១០ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងអ្នកលក់ និងអ្នកទិញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ពាក់ព័ន្ធករណីលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវរហូតតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេចហើយគេចខ្លួនបាត់កាលពី១០ថ្ងៃមុន ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់រួមមាន៖ ១/ឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។ ២/ឈ្មោះ ចាន់ណា ស៊ីនិត ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសិត្បូឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរបររត់ម៉ូតូកង់បីឥណ្ឌា ជាអ្នកទទួលផលចោរកម្ម ។ ចំណែកជនរងគ្រោះឈ្មោះ ឆឺយ វិច្ឆិកា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនិស្សិត ។

សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក GPXDEMON150GR ពណ៌ក្រហម ស៊េរី២០១៩ លេខតួ+លេខម៉ាស៊ីន110137 ពាក់ស្លាកលេខ ភ្នំពេញ 1HG8198 (របស់ជនរងគ្រោះ) ។ ចំណែកវត្ថុតាងដកហូតបាន៖ រថយន្ត០១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-971 (ជារបស់ជនសង្ស័យ) ។

មន្រ្តីនគរបាលខណ្ឌមានជ័យបន្តថា កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងយកមកចាក់សោ.ក ចតទុកនៅក្នុងផ្ទះជួលខាងលើ រួចចូលទៅសម្រាកក្នុងបន្ទប់ជួល(ដោយពុំបានចាក់សោទ្វារផ្ទះនោះទេ) ។ លុះមកដល់វេលាម៉ោង៥ និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះភ្ញាក់ពីដំណេកបំណងយកម៉ូតូជិះទៅរៀន ស្រាប់តែបាត់មិនឃើញក៏ទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យជួយស្រាវជ្រាវរក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ចុះទៅពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅចំណុចកើតហេតុកឃើញជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះ ។

បន្ទាប់មកកម្លាំងជំនាញស្រាវជ្រាវរករហូតដល់ថ្ងៃទី១៤ ខែមករា ទើបប្រទះជនសង្ស័យកំពុងដើរនៅផ្លូវលំ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ក្រោយសាកសួរជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពឆ្កឹះសោរកុងតាក់បញ្ឆេះជិះយកទៅលក់ឲ្យបក្ខពួកឈ្មោះ ចាន់ណា ស៊ីនិត ភ្លាមនោះកម្លាំងសមត្ថកិច្ចបន្តចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចផ្លូវលេខ១១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកព្រមទាំងវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖