ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ នៅឃុំរាម ស្រុកព្រៃនប់ បានរៀបចំប្រកាសសមាសភាពបន្ថែមក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតី លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ និងជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក ឧត្តមសេនីយឯក អ៊ុក សីហា អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ។
តាមសេចក្តីសម្រេចលេខ ០៥៥សសវ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្រេចចាត់តាំងលោក ហ៊ីង ត្រឹង ជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកឧត្តមនាវីឯក អ៊ុក សីហា អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ សមត្ថិកិច្ចពាក់ព័ន្ធ មានតួនាទី ភារកិច្ច កាតព្វកិច្ចថែរក្សាការពារសន្តិភាពជូនប្រជាពលរដ្ឋ ណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យជៀសឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខសង្គម ។
លោកលូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់ និងជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានត្រូវបំរើសេវាជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យមានការរីកចម្រើន ជាកិត្តិយស និងជាឱកាសបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកប្រធានក្រុមការងារចុះជួយស្រុកព្រៃនប់បានបញ្ជាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជិត ៣.០០០លានដុល្លារអាមេរិក មកកាន់ខេត្តព្រះសីហនុ ដើម្បីកសាងលើហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា ផ្លូវហាយវ៉េ ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហន្ គ្រោងនឹងរួចរាល់នៅចុងឆ្នាំ២០២២ខាងមុខនេះ ការពង្រីកព្រលានយន្តហោះ ការពង្រីកកំពង់ផែទឹកជ្រៅរហូតដល់១៤ម៉ែត្រ និងផ្លូវក្នុងក្រុងព្រះសីហនុ ៣៤ខ្សែ ហើយនៅថ្ងៃខាងមុខ ខេត្តព្រះសីហនុ នឹងទទួលបាននូវកំណើនវិនិយោគកាន់តែច្រើនបន្ថែមទៀត ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ៕ ឆ្លាម សមុទ្រ