ខេត្តកណ្ដាល៖ អគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅស្រុកមុខកំពូលចំនួន២ខ្នងគ្មានសល់ ដោយពុំដឹង បណ្ដាលមកពីមូលហេតុអ្វីនោះទេ ធ្វើឲ្យការផ្អើលឆោឡោឡើងនៅវេលាម៉ោង២៣ និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆេះគ្មានសល់ មានចំនួន២ខ្នង ទី១ជារបស់ឈ្មោះ ប្រាក់ សាន ភេទប្រុស អាយុ៦៨ ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្ដារ ទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ និងទី២ ជារបស់ឈ្មោះ រឿង ខន ភេទស្រី អាយុ៨០ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹកទទឹង៥ម៉ែត្រ បណ្ដោយ៦ម៉ែត្រ ។ ដោយឡែក ទ្រព្យសម្បត្ដិដែលនៅក្នុងរងការបាត់បង់មាន៖ ទូ៣គ្រឿង ,ម៉ាស៊ីនបោកខោអាវ១គ្រឿង និងប្រាក់ដុល្លារចំនួន៥,០០០ដុល្លារ (ទ្រព្យសម្បត្តិទាំងអស់នេះ គឺជារបស់ឈ្មោះ ប្រាក់ សាន) ។
ប្រភពដដែលបន្ដថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមកម្លាំងនគរបាលស្រុកមុខកំពូលបានចេញរថយន្ដសង្រ្គោះ និងពន្លត់អគ្គិភ័យចេញអន្ដរាគមន៍ពន្លត់ តែដោយស្ថានភាពផ្លូវមានលក្ខណៈតូចចង្អៀត រថយន្ដមិនអាចទៅដល់ចំណុចកើតហេតុបានទេ ។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញ ពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនោះទេព្រោះម្ចាស់ផ្ទះមិននៅ ដោយគាត់ទៅដេកនៅឯផ្សារមុខវត្តជ្រឹង ៕ ស្អាងជ័យ