ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ជិះម៉ូតូឌុបគ្នា ខណៈឃើញម៉ូតូគេទុកនៅចំហៀងផ្ទះដោយមានសោនៅនឹងម៉ូតូ ក៏ធ្វើសកម្មភាពលួច តែមិនបានសម្រេចម្ចាស់ម៉ូតូឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានម្នាក់ឈ្មោះ យុន ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រីឯជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនឈ្មោះ ថន ពី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងឈ្មោះ អឿន រ័ត្នភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ2008 ពាក់ស្លាកលេខភ្នំពេញ1G1867(របស់ជនរងគ្រោះ) និងម៉ូតូម៉ាកស្មាស់ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខកណ្តាល1L7917(របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ក្រុមជនសង្ស័យទាំង៣នាក់បានជិះម៉ូតូ២គ្រឿងដើរធ្វើសកម្មភាពលួចម៉ូតូ ខណះមកដល់ចំណុចកើតហេតុ ក៏បានឃើញម៉ូតូជនរងគ្រោះទុកនៅចំហៀងផ្ទះដោយមានជាប់សោនៅនឹងម៉ូតូ ភ្លាមនោះឈ្មោះ យុន ម៉ាប់ ចូលមកជិះ ក៏ត្រូវបានជនរងគ្រោះ និងម្ដាយក្មេកឃើញទាន់បានស្រែកផ្អើលឆោឡោ និងចូលទៅឃាត់ជនសង្ស័យម្នាក់ឈ្មោះយុន ម៉ាប់ រួួម និងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ចំណែកជនសង្ស័យឈ្មោះថន ពី និងឈ្មោះ អឿន រ័ត្ន បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងមកប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមច្បាប់ ៕ ស្អាងជ័យ