ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ចាប់នារីខ្មែរចងដៃរុំក្រណាត់ដាក់គូទរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ចាប់នារីខ្មែរចងដៃរុំក្រណាត់ដាក់គូទរថយន្ត បើករត់ តែសំណាងល្អ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ បានចាប់បីនារីជនជាតិខ្មែរម្នាក់ ដោយមានសភាពដៃជាប់ចំណង និងរុំក្រណាត់ជុំខ្លួនលើកយ៉ាងប្រញាប់ប្រញាល់ ដាក់ក្នុងគូទរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8491 ដោយបើកចេញពីផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ។

ភ្លាមៗនោះអ្នកឃើញហេតុការណ៍ បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ដើម្បីឲ្យចេញអន្តរាគមន៍ តាមចាប់រថយន្តដែលជនជាតិចិនចាប់នារីរងគ្រោះ ។ ភ្លាមៗនោះកម្លាំងអធិការខណ្ឌជ្រោយចង្វា បានចេញគ្រប់គោលដៅតាមចាប់រថយន្តជនជាតិចិននេះបាននៅម្ដុំផ្លូវមាត់ទន្លេរួចកម្លាំងអន្តរាគមន៍ បានឆែកឆេរបើករថយន្តក៏ប្រទះឃើញនារីរងគ្រោះ ក្នុងខ្លុបរថយន្តខាងក្រោយ រួចទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានដឹកជនសង្ស័យទៅអធិការខណ្ឌជ្រោយចង្វា ដើម្បីសាកសួរ និងចាត់វិធានការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖