ព័ត៌មានទាន់ហេតុការណ៍៖

អុជធូបថ្ងៃសីលនៅក្នុងផ្ទះ រួចទៅបុណ្យអ្នកជិតខាងត្រូវភ្លើងឆេះផ្ទះគ្មានសល់

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកយាយអាយុ៧៣ឆ្នាំម្នាក់ អុជធូបគោរពបូជាថ្ងៃសីលនៅក្នុងផ្ទះ រួចទៅចូលរួមក្នុងពិធីបុណ្យអ្នកជិតខាងក្នុងភូមិ ត្រូវភ្លើងធូបឆេះរាលដាល បណ្ដាលឲ្យផ្ទះរបស់លោកយាយឆេះអស់គ្មានសល់ បង្កឲ្យមានការផ្អើលឆោឡោឡើង នៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា លោកយាយម្ចាស់ផ្ទះឈ្មោះ ខឹម យ៊ីម ភេទស្រី អាយុ ៧៣ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកទ្រព្យសម្បត្តិបាត់បង់មានផ្ទះ១ខ្នងទំហំ ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ធ្វើអំពីឈើដំបូងប្រក់ក្បឿង ថ្មក្រោម , ប្រាក់ដុល្លរចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀល១លានរៀល រួមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ លោកយាយរងគ្រោះជាម្ចាស់ផ្ទះបានអុជធូបបូជាថ្ងៃសីល នៅក្នុងផ្ទះរបស់ខ្លួន រួចទៅបុណ្យអ្នកជិតខាងក្នុងភូមិជាមួយគ្នា ។ លុះមកដល់វេលាម៉ោងកើតហេតុក៏ស្រាប់តែផ្ទះលោកយាយរងគ្រោះ ត្រូវអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចស្រុក ចុះមកអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ស្មើនឹងទឹក៦ម៉ែត្រគូប ទើបភ្លើងរលត់ជាស្ថាពរ ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ បណ្ដាលមកពីម្ចាស់ផ្ទះអុជធូបថ្ងៃសីលរួចដើរទៅបុណ្យនៅផ្ទះបងប្អូនក្នុងភូមិ ដោយគ្មានមនុស្សនៅផ្ទះនោះទេ ៕ ស្អាងជ័យ


ចែករំលែក៖