ព័ត៌មានទាន់ហេតុការណ៍៖

បទចម្រៀង១០បទ ដែលមានអ្នកទស្សនាលើYouTubeច្រើនបំផុតនៅកម្ពុជា ដោយមាន៣បទរបស់ តន់ ច័ន្ទសីម៉ា

ចែករំលែក៖

ភ្នំពេញ៖ វិស័យសិល្បៈចម្រៀងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសលើបណ្តាញសង្គមហ្វេសប៊ុក ។ តាមទិន្នន័យដែលប្រមូលបានដោយវិបសាយkworb.net គេឃើញថា មានវីដេអូចម្រៀងចំនួន១០ ដែលប្រើប្រាស់ YouTube នៅកម្ពុជាបានចូលទៅទស្សនាច្រើនជាងគេគិតក្នុងរយៈពេល១សប្តាហ៍ដើមឆ្នាំនេះ ។

តាមស្ថិតិនេះបានបង្ហាញថា បទចម្រៀង១០ នៅក្នុងចំណោម២០បទ ដែលមានក្នុងតារាងដើមរបស់គេហទំព័របរទេសខាងលើ ឃើញថាមានបទចម្រៀងខ្មែរចំនូន៧ និងបទបរទេសចំនួន៣បទបានជាប់ក្នុងបញ្ជីបទចម្រៀងដែលមានអ្នកចុចចូលស្ដាប់ និងទស្សនាច្រើនជាងគេនៅកម្ពុជាគិតត្រឹមរយៈពេលដូចខាងលើ ។

អ្វីដែលគេចាប់អារម្មណ៍ផងដែរនោះ ក្នុងបញ្ជីចម្រៀងទាំង១០បទ ដែលមានអ្នកមើលច្រើនជាងគេ នៅដើម២០២០ មានបទចម្រៀងរបស់សីម៉ារហូតដល់ទៅ៣បទ ដែលរុញភាពល្បីល្បាញឲ្យតារាស្រីវ័យក្មេងនេះក្លាយជាតារាលំដាប់ជួរមុខមួយនាពេលបច្ចុប្បន្ន ។ របាយការណ៍មួយចេញដោយគេហទំព័របរទេសបានធ្វើការវាយតម្លៃពីបទចម្រៀង១០ដែលមានអ្នកចុចចូលមើល និងស្ដាប់ច្រើនជាងគេនៅកម្ពុជាគិតត្រឹមដើមឆ្នាំ២០២០ដោយក្នុងនោះគ្រាន់តែផលិតកម្ម Galaxy Navatra មួយវ៉ៃដាច់៤បទហើយបទចម្រៀងរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា មានរហូតដល់ពី៣បទតែឯង ។

ចំណុចគួរចាប់អារម្មណ៍ក្នុងចំណោមបទចម្រៀងខ្មែរទាំង៧បទដែលមានអ្នកចូលមើលលើ Youtube នេះ គឺមាន៤បទជាបទរបស់ផលិតកម្មGalaxy Navatraគឺមាន៣បទជាបទរបស់តារាចម្រៀងស្រីវ័យក្មេងតន់ច័ន្ទសីម៉ា និងមួយបទទៀតជាបទរបស់តារាចម្រៀងស្រីវ័យក្មេងដូចគ្នាគឺកញ្ញាអ៊ុកសុវណ្ណារី ។ ទាំង៣បទរបស់សីម៉ានេះមានបទ “ឡានស៊ីរ៉ែន” មានអ្នកចូលទស្សនាជិត១លានដង ។ បទ “យល់ច្រឡំថាគេស្រឡាញ់យើង” ស្ថិតនៅចំណាត់ថ្នាក់លេខ៣មានអ្នកចូលមើល និងស្ដាប់ចំនួនជិត៦,៥សែនដង ។

បទចម្រៀងរបស់តន់ ច័ន្ទសីម៉ា ដែរ ស្ថិតក្នុងចំណាត់លេខ៦គឺបទ “គេនោះជាស្រីកាប់ដាវ” និពន្ធដោយឧកញ៉ាឡេង ណាវ៉ាត្រាដែរ នោះមានអ្នកចូលមើល និងស្ដាប់ចំនួនជិត៤សែនដង ។

ខណៈបទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់អ៊ុក សុវណ្ណារី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥មានអ្នកចូលមើល និងស្ដាប់ចំនួនជាង៤សែនដង ។ លោកយឹមតាស្រង់អ្នកចាត់ការទូទៅផលិតកម្មGalaxy Navatraបានភ្ញាក់ផ្អើលនឹងរបាយការណ៍ចេញដោយគេហទំព័របរទេសខាងលើ ។ តាស្រង់បានលើកឡើងថាមិនដឹងច្បាស់ពីនិតិវិធីនៃការចាត់ចំណាក់ខាងលើឡើយ ។ តែយ៉ាងណាលោកពិតជារីករាយ និងមោទកភាពណាស់ចំពោះលទ្ធផលនេះវានឹងធ្វើឲ្យលោក និងតារាចម្រៀងផលិតកម្មកាន់តែមានទឹកចិត្តក្នុងការបន្តពុះពារក្នុងសិល្បៈតន្ត្រីកំដរអារម្មណ៍របស់ពុកម៉ែបងប្អូនមួយនេះបន្តទៀត ។

គួរបញ្ជាក់ដែរថា វីដេអូចម្រៀងទាំង១០ មានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេសបទចម្រៀងទាំងនោះមានដូចជាទី១បទ ព្រោះតែអូន របស់ Jay Chan មានចំនួនទស្សនាជិត១លានដង ។ ទី២បទ ឡានសារ៉ែន របស់តន់ចន្ទសីម៉ាមានចំនួនទស្សនាជិត៩សែនដង ។ ទី៣បទយល់ច្រឡំថាគេស្រឡាញ់យើងរបស់ តន់ចន្ទសីម៉ាមានចំនួនទស្សនាជាង៦,៥សែនដង ។ ទី៤ បទ HOT BOY របស់តារាចម្រៀង VANNDA មានចំនួនទស្សនាជិត៥សែនដង ។ ទី៥ គឺបទ ខ្ញុំក្លាយជាអ្នកជំងឺស្នេហា របស់កុមារីអ៊ុកសុវណ្ណារីមានចំនួនទស្សនាជាង៤សែនដង ។ ទី៦បទ គេនោះជាស្រីកាប់ដាវ របស់កញ្ញាតន់ចន្ទសីម៉ាមានចំនួនទស្សនាជិត៤សែនដង ។ ទី៧បទDANCE MONKEY របស់តារាចម្រៀងTones and I មានចំនួនទស្សនាជាង៣,៦សែនដង ។ ទី៨បទ J+O របស់អ្នកចម្រៀងVannDaជាង២,៧សែនដង ។ ទី៩បទ Yummy របស់តារាចម្រៀងJustin Bieberមានចំនួនទស្សនាជាង២,៦សែនដង និងទី១០បទ Can We Kiss Forever? របស់ Kina ដែលមានចំនួនទស្សនាជិត២,៥សែនដង ៕ វឌ្ឍនា


ចែករំលែក៖