ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម

ចែករំលែក៖

ភ្នំពេញៈ នៅល្ងាចថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៧ ខែមករា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ ពិធីពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមនេះ នឹងរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។ ទន្ទឹមនឹងនោះ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការជួបជុំនេះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រទេសជិតខាងល្អ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ជាពិសេសលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរដែលសម្រេចបាននូវវឌ្ឍនភាពល្អទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថ្លែងអណរគុណដល់វិនិយោគិនវៀតណាមដែលជ្រើសរើសកម្ពុជាជាកន្លែងវិនិយោគ និងការពង្រីកអាជីវកម្មផ្សេងៗស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងការលើកទឹកចិត្តសម្រាប់ការវិនិយោគ ការធ្វើធុរកិច្ចដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ និងការវិនិយោគលើគ្រប់វិស័យដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយសម្រេចតាមគោលដៅដែលបានគ្រោងទុក
ហើយកម្ពុជានៅតែត្រូវការការវិនិយោគពីវៀតណាម ជាពិសេសការកែច្នៃផលិតផលកម្ពុជាទៅកាន់ប្រទេសវៀតណាម។

នេះជាឆ្នាំទីមួយដែល សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជួបជុំជាមួយបងប្អូន អ្នកវិនិយោគវៀតណាម មុនបុណ្យចូលឆ្នាំវៀតណាមមកដល់ ហើយសម្តេចបានសម្រេចអោយមានការជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀតដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្តរវាងគ្នានិងគ្នា ជាពិសេសគឺពង្រឹងការជឿទុកចិត្តរវាងវិនិយោគិនវៀតណាមនៅកម្ពុជា។

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមិត្តវៀតណាមនាពេលខាងមុខ ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមជូនពរដល់បងប្អូនវៀតណាមទាំងអស់សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕


ចែករំលែក៖