ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះចែកពូជកូនមាន់ និងចំណីមាន់ ជូនដល់កសិករជាសមាជិកអាជីវកម្មចិញ្ចឹមមាន់ ចំនួន១២០គ្រួសារ ក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានការចូលជាគណ:អធិបតីពីសំណាក់លោក ជា ថាវរិទ្ធិ អភិបាលរងខេត្ត រួមដំណើរដោយអភិបាលរងស្រុកថាឡាបរិវ៉ាត់ ប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត ប្រធានការិយាល័យ ផលិតកម្មបសុ និងព្យាបាល រួមនិងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមផងដែរ និងរៀបចំសម្របសម្រួលដោយលោកអង្គការ EPDO ។
កម្មវិធីនេះ រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយបានទទួលថវិកាមូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍន៍ ហៅកាត់ថា (IFAD) តាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនិងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (ASPIRE) និងបានផ្តល់ថវិកាជូនអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន ហៅកាត់ថា (EPDO) ជាដៃគូផ្តល់បច្ចេកទេសកសិកម្ម ក្នុងការអនុវត្តសកម្មភាព ជួយសេវាខាងក្រៅ នៅក្នុងឃុំគោលដៅចំនួន២ គឺឃុំចំការលើ និងឃុំអន្លង់ភេ ។
លោក សំរិទ្ធិ អ៊ុត នាយកអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន(EPDO) បានមានប្រសាសន៍ថា:នៅខេត្តស្ទឹងត្រែងនេះ អង្គការ(EPDO) បានទទួលគម្រោងចំនួន២ពីខាងកម្មវិធីASPIRE ដោយទី១ គម្រោងអាជីវកម្មមាន់ ដោយថ្ងៃនេះបានទទួលធ្វើកម្មវិធីចែកកូនមាន់ពូជដល់បងប្អូនដែលជាសមាជិកបណ្តុំអាជីវកម្មមាន់នៅក្នុងឃុំចំការលើនេះ និង១ទៀត គឺគម្រោងបង្កើតសមាគមសុខភាពសត្វ និងអភិវឌ្ឍន៍អាជីវកម្មសត្វ គឺផ្តោតសំខាន់លើពេទ្យសត្វចំនួន៥ឃុំ នៅក្នុងខេត្តស្ទឹងត្រែងនេះ ដោយបាននិងកំពុង បង្វឹកបណ្តុះបណ្តាលកសិករទាំងនោះ ឲ្យមានលទ្ធភាពក្នុងការផ្តល់សេវាកម្ម ដល់សហគមក្នុងការពិនិត្យព្យាបាល ឬក៏ផ្តល់បច្ចេកទេសផ្សេងៗប្រជាកសិករដែលមានចំណាប់អារម្មណ៍ទៅលើវិស័យសត្វ ហើយគម្រោងទាំង២នេះ មានរយ:ពេល៧ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ និងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខាងមុខ និងបានទទួលថវិកាគាំទ្រពីគម្រោងកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ របស់មន្ទីរកសិកម្មខេត្ត ។
លោកថា: គោលបំណងគម្រោងនេះគឺធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កសិករខ្នាតតូច ប្រកបដោយនិរន្តរភាព តាមរយ:កិច្ចសហការរវាងបណ្តុំអាជីវកម្មមាន់ អ្នកផ្តល់សេវា និងភ្នាក់ងារទីផ្សារ ហើយនិងដើម្បីពង្រឹងសមត្ថភាពតាមរយ:ទីផ្សាររបស់កសិករ ដែលផ្តោតទៅលើគំនិតអភិវឌ្ឍន៍ ផ្សាភ្ជាប់ទៅនិងទីផ្សារ ហើយនិងការរៀបចំការផលិតកម្មមាន់ ។
លោកនាយកអង្គការ ក៏បានបញ្ជាក់ថា សមាគមពេទ្យសត្វ និងវិស័យឯកជន អង្គការសង្គមស៊ីវិល ភ្នាក់ងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាពង្រឹងទៅលើវិស័យកសិកម្មជាពិសេសផលិតកម្មកូនមាន់ពូជន៍ ។
ជាមួយគ្នានេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រសាសន៍ដែរថា:ការចែកពូជមាន់និងចំណីមាន់នេះ ដែលបានរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាពេលនេះ គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ដើម្បីចូលរួមចំណែកជួយបងប្អូនកសិកររបស់យើង ឲ្យទទួលបាននូវពូជមាន់ ដែលធននិងអាកាសធាតុ ធននិងជម្ងឺ ងាយស្រួលចិញ្ចឹម ហើយសន្សំសំចៃពេលវេលា ព្រមទាំងបានជួយសម្រួលការចំណាយ និងបានជួយលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករផងដែរ ។
លោកបានបញ្ជាក់ និងណែនាំ ជម្រុញបន្ថែម ដល់បងប្អូនប្រជាកសិករ នៅក្នុងឃុំចំការលើនេះ ឲ្យនាំគ្នាចងក្រងជាក្រុម ក្នុងការចិញ្ចឹមសត្វឲ្យបានល្អប្រសើរ ហើយមន្ទីរកសិកម្ម និងជូនពូជសត្វប្រភេទផ្សេងបន្ថែមទៀត ដើម្បីឲ្យមានកាផររីកចម្រើនលើវិស័យកសិកម្មក្នុងឃុំចំការលើផងដែរ ។
សូមបញ្ជាក់ថា:ពូជមាន់ចំនួន៦០០០ក្បាល ដែលមន្ទីរកសិកម្មបាននាំយកមកចែកជូនប្រជាកសិករ១២០គ្រួសារ ដែលមកពីភូមិចំនួន៣ គឺភូមិរំដេង ភូមិចំការលើ ក្នុងឃុំចំការលើ និងភូមិវាលពោធិ៍ ក្នុងឃុំអន្លង់ភេ ។ ក្នុងនោះ ប្រជាកសិករ១គ្រួសារទទួលបានកូនមាន់ពូជចំនួន៥០ក្បាលនិងចំណីមាន់ចំនួន១០គីឡូក្រាមផងដែរ ៕ មាស សុផាត