ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ ដកហូតថ្នាំញៀន៨កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវសមត្ថកិច្ចស្រុកស្អាងបង្រ្កាបឃាត់ខ្លួនបាន និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៨កញ្ចប់ ។ ប្រតិបតិ្ដការនេះ ធ្វើឡើងនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ទី១ឈ្មោះ អ៊ុក ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ,ទី២/ឈ្មោះ ទិត្យ បូទី ហៅ ទុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣ /ឈ្មោះ ម៉ម វីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង៣នាក់ខាងលើនេះ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និងទី៤/ឈ្មោះ ចំរើន សុខធាហៅឆុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ទិត្យ រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងប្រតិបត្ដិការបង្រ្កាបនេះផងដែរ សមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៨កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា មុនឈានដល់បង្រ្កាបក្រុមជនសង្ស័យខាងលើនេះ នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង បានទទួលព័ត៌មានច្បាស់ការថា មានក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងជំនាញស្រុក ក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប្រទាល ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ឆែកឆេរឃើញថ្នាំញៀនចំនួន៨កញ្ចប់ រួមទាំងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ឈានដល់នាំខ្លួនជនសង្ស័យទាំង៤នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនចាត់ការបន្ដ ៕ ស្អាងជ័យ


ចែករំលែក៖