ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅលេងផ្ទះសង្សារ ត្រូវក្រុមជនសង្ស័យធាក់ប្លន់យកម៉ូតូស្កុបពីស៊េរី២០១៩ទៅបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូស្កុបពី ស៊េរី២០១៩បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈជនរងគ្រោះចេញពីជួបជុំផឹកសុី នៅផ្ទះជួលហើយ ជិះម៉ូតូគោលបំណងឆ្ពោះទៅផ្ទះមិត្តស្រី កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១ តាកន ភូមិព្រៃជីសាក់ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ទើបពលរដ្ឋប្រទះឃើញដេកននៀលចិញ្ចើមផ្លូវ ដាស់សាកសួរ ទើបដឹងថា គេយកម៉ូតូ កាបូបលុយបាត់អស់ ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើល ជាក់ស្តែង ។

តាមការសាកសួរ បុរសរងគ្រោះមានឈ្មោះ យឹម វិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ក្រុងព្រៃវែង ខេត្តព្រៃវែង ជនរងគ្រោះក្នុងសភាពរបួស ឆ្អឹងជំនី ក្រោមក្លៀកឆ្វេង របួសដៃជើង ។

តាមបុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី១៧ ខែមករា ខ្លួនជួបជុំមិត្តភ័ក្រផឹកសុី លុះដល់វេលាម៉ោង១១យប់ ថ្ងៃដដែល ជិះម៉ូតូស្កុបពី ពណ៌ស ស៊េរី២០១៩ មិនចាំស្លាកលេខ គោលបំណងជិះឆ្ពោះទៅផ្ទះមិត្តស្រី នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយជិះតាមផ្លូវបេតុង ភូមិព្រៃទា ចេញមកដល់ផ្លូវបេតុង ភូមិព្រៃជីសាក់ទីតាំងកន្លែងកើតហេតុ មានជនមួយក្រុមជិះម៉ូតូ មកធាក់ បណ្តាលឲ្យដួល ហើយដណ្តើមយកម៉ូតូ កាបូបលុយ ហើយគេចទៅបាត់ ដោយឈឺខ្លួនពេក ម្យ៉ាងស្រវឹងស្រើងៗផង ដេកដួល ចិញ្ចើមផ្លូវ ចំកន្លែងស្ងាត់ លង់លក់ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ទើបដឹងខ្លួន ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឃើញបុរសរងគ្រោះ ដេកចិញ្ចើមផ្លូវ មិនងើបសោះ មិនហ៊ានទៅដាស់ ស្មានតែមនុស្សអនាថា ដើរដេកតាមផ្លូវ រហូតដល់វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទៅដាស់ ទើបដឹងថា មានអ្នកយកម៉ូតូរបស់គាត់ ផ្អើលឆោឡោ ។

ក្រោយពីប្រទះឃើញ ជនរងគ្រោះ ប្រជាពលរដ្ឋ ជួយ នាំមកអង្គុយ មុខផ្ទះ ឲ្យហូបទឹក ទឹកក្រូច លុបលាងមុខ ដើម្បីឲ្យស្វាង រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើលសាកសួរជាក់ស្តែង តែជនរងគ្រោះក្នុងសភាពក្រំខ្លួន ឈឺចុកចាប់ ទើបសមត្ថកិច្ច ប្រាប់ឲ្យទៅផ្ទះ ទៅពេទ្យសិន រង់ចាំឲ្យស្រួលខ្លួន ចាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសតាមក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖