ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល១ឆ្នាំកន្លះរួចមកហើយ ពីបទ ទទួលផលចោរកម្ម លុះចេញមកវិញមិនព្រមកែខ្លួន ដើរលួចទ្រព្យសម្បត្តិពលរដ្ឋ ក៏ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី រួចបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ។
មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅបន្ទប់លេខ៣០២ ជាន់ទី២ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ) ។
មន្រ្តីដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺរូបគេបានធ្វើសកម្មភាពដើរមើលនៅតាមបន្ទប់ជួល ស្រាប់តែដើរដល់មុខបន្ទប់លេខ៣០២ ជាន់ទី២ ឃើញទ្វារបន្ទប់ចំហរ ហើយម្ចាស់បន្ទប់ដេកលក់ ភ្លាមនោះ រូបគេបានដើរលបៗចូល ទៅក្នុងបន្ទប់លួចយកទូរស័ព្ទដៃ០១គ្រឿងម៉ាក Bingo ពណ៌ខ្មៅ ទុកលើតុមុខទូរទស្សន៍បានសម្រេចហើយ តែត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលតែម្តង ។ ពេលនោះជនសង្ស័យបានរត់គេចខ្លួន ចុះដល់ដល់ជាន់ផ្ទាល់ដី ឃើញដូចនេះប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញតាមចាប់ពេញផ្លូវ ផ្អើលដល់សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលកំពុងល្បាតនៅក្បែរចុះមកជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យសាកសួរបានសារភាពថា កាលពីឆ្នាំ២០១៤កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស មួយឆ្នាំកន្លះ ពីបទ ទទួលផលចោរកម្ម ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ស រស្មី