ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ក្អួតឈាមរហូតដល់ស្លាប់ នៅក្នុងស្ថានីយប្រេងឥន្ទនៈតេលា ផ្អើលសមត្ថកិច្ចទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវលេខ២១៧ នាំគ្នាផ្អើលមើលបុរសម្នាក់ ខណៈដែលរូបគាត់បានក្អួតឈាមតាមមាត់ជាច្រើនរហូតដល់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលជំនាញកោសល្យវិច័យចុះទៅត្រួតពិនិត្យភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ទនៈតេលា កន្លែងប្តូរប្រេងម៉ាស៊ីន តាមបណ្តោយផ្លូវលេខ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានបុគ្គលិកដែលធ្វើការនៅកន្លែងខាងលើ បានប្រទះឃើញជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនអនាថា បានដេកក្អួតឈាមនៅកន្លែងប្តូរប្រេងម៉ាស៊ីនក្នុងស្ថានីយប្រេងឥន្ទនៈ តេលានេះ តែគេមិនបានដឹងថាគាត់ស្លាប់នោះទេ ។ ទើបដើរទៅដាស់ឲ្យងើប ប៉ុន្តែមិនងើបសោះ ក៏បានដើរទៅប្រាប់មេរបស់គាត់ តែមេគាត់មិនបាននិយាយអ្វីទេ ចំណែកគាត់ក៏ទៅធ្វើការវិញធម្មតា ។

ប្រភពដដែលបន្តថា លុះដល់នៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃដដែល គាត់បានដើរមកមើល និងដាស់ជនរងគ្រោះម្តងទៀត តែមិនព្រមងើបសោះ ទើបដឹងថាគាត់ស្លាប់បាត់ទៅហើយ រួចក៏ប្រញាប់ប្រាប់មេការឲ្យរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ និងធ្វើកោលស្យវិច័យទៅលើសាកសពជាក់ស្តែងតែម្តង ។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចបង្កើតគណៈកម្មការត្រួតពិនិត្យលើសព ហើយតាមការធ្វើកោសល្យវិច័យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយមានក្អួតឈាមធ្ងន់ធ្ងរ ដោយសារជំងឺក្រពះ និងប្រគល់ឲ្យសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីបូជាតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖