តាមនាយជាលតាមដានសភាពការណ៍នយោបាយនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះឃើញថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃគ្រាន់តែបានផ្តល់ភ្លើង ខៀវខ្លះៗយល់ព្រមឱ្យអតីតថ្នាក់ ដឹកនាំមួយចំនួនរបស់អតីតគណបក្សប្រឆាំងដែលទទួល បាននីតិសម្បទាធ្វើ នយោបាយ ឡើងវិញនោះដើម្បី បង្កើតគណបក្សថ្មីមួយឈ្មោះថា «គណបក្សខ្មែរស្រឡាញ់ជាតិ» ប៉ុន្តែ ក្រសួងមហាផ្ទៃបានតម្រូវឱ្យតំណាងគណបក្សនេះ ត្រូវរៀបចំបំពេញឯកសារ ដើម្បីចុះបញ្ជីឱ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយជាមុនសិន មុននឹងធ្វើសកម្មភាពផ្សេងៗ។
ប៉ុន្តែមេបក្ស និងសមាជិកគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ដែលនាយជាលសុំដាក់ឈ្មោះថា គណបក្សមិនគ្រប់ទឹកមួយនេះ បានធ្វើសកម្មភាពរំលោភបំពានច្បាប់ស្តីពី គណបក្សនយោបាយទាំងមិន ទាន់បានចុះបញ្ជីនៅក្រសួង មហាផ្ទៃនៅឡើយ។ អ្វីដែលគួរឲ្យហួសចិត្តនោះគឺនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ គណបក្ស ដែលជាគណបក្សមិនទាន់គ្រប់ទឹកមួយនេះ បានចេញសេចក្តីថ្លែងការណ៍ មួយទាមទារឱ្យតុលាការផ្តល់យុត្តិធម៌ដល់ លោក កឹម សុខា ដែលជាអតីត ប្រធាន អតីតបក្សរបស់ខ្លួន។
នាយជាលគិតថា គណបក្សនេះពិតជាបានរំលោភលើសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ដោយហ៊ានប្រើប្រាស់រូប ស្លាកសញ្ញា និងបាវចនាគណបក្សខ្មែរស្រឡាញ់ជាតិ ស្អីគេនោះ ដោយបានចេញសេចក្តីថ្លែងការណ៍ ស្វែងរកយុត្តិធម៌ឲ្យលោក កឹម សុខា យ៉ាងប្រញាប់ប្រញាល់បាត់ទៅហើយ ខណៈ មិនទាន់មានការអនុញ្ញាតជាផ្លូវការពីក្រសួងមហាផ្ទៃនៅឡើយ ពោលបានន័យថា មិនទាន់អីផងហ៊ានបោលបុកជញ្ជាំងបាត់ទៅហើយ ។
នាយជាល យល់ថាទង្វើនេះ ជាអំពើដ៏ខុសឆ្គងដែលច្បាប់មិនគួរអត់ឱនឱ្យបានឡើយ និងជាគំរូអាក្រក់ដល់អ្នកចង់ប្រឡូកនយោបាយក្នុងជំនាន់ក្រោយៗ ដែលមានចរិតប្រឆាំងមិនខុសពីគណបក្សសង្រ្គោះជាតិដែលរលាយទៅហើយនោះទេ ។ ដូច្នេះហើយបានជាគ្រាន់តែតុលាការទើបតែចាប់ដំណើរការរឿងក្តីកឹម សុខាភ្លាមគណបក្សអត់គ្រប់ទឹកមួយនេះហ៊ានចេញសេចក្តីថ្លែងការណ៍ ស្វែងរកយុត្តិធម៌ឲ្យលោក កឹម សុខាទាំងងងើល ខណៈដែលខ្លួនឯងមិនទាន់មានសិទ្ធិជាគណបក្សនយោបាយដែលក្រសួងមហាផ្ទៃមិនទាន់យល់ព្រមជាផ្លូវការផងនោះ ។
បើនាយជាលដឹងមិនខុសទេ សមាសភាពមេ ដឹកនាំបក្ស «ខ្មែរស្រឡាញ់ជាតិ» នេះ គឺសុទ្ធតែជាអតីត មន្ត្រីគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាងរាស្ត្រដែលមាននិន្នាការនិយមខាង លោក កឹម សុខា ហើយនាំគ្នាបង្កើតបក្សថ្មីនេះ ដែលសុទ្ធតែជាពូជប្រឆាំងចេញពីអតីតគណបក្សសង្រ្គោះជាតិដើម្បីបន្តវេនប្រឆាំងតទៅទៀត ហើយយកល្អក្រសួងមហាផ្ទៃមិនគួរអនុញ្ញាតឲ្យក្រុមនឹងបង្កើតគណបក្សដែលមិនគ្រប់ទឹកមួយនេះទេ ព្រោះស្រុកយើងកំពុងមានសន្តិភាព មានការអភិវឌ្ឍរីកចម្រើន និងមានគណបក្សនយោបាយជាច្រើនមានទាំងប្រឆាំង មិនប្រឆាំងរួចទៅហើយ មិនចាំបាច់មានបក្សប្រឆាំងដែលមិនគ្រប់ទឹកបែបនេះទៀតទេ។ មិនទាន់អីផងឡើងចាង និងបោលបុកជញ្ជាំងគ្មានមើលទិសតំបន់បាត់ទៅហើយ ទម្រាំទៅថ្ងៃក្រោយតើយ៉ាងណា ៕ នាយជាល