ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកៈ អាកាសធាតុចុះត្រជាក់នៅជួរភ្នំដងរែកនិងខ្ពង់រាបឦសាន ខណៈបណ្តាខេត្តជាប់មាត់សមុទ្រអាចមានភ្លៀងធ្លាក់តិចតួច

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននៃប្រទេសកម្ពុជា អាកាសធាតុនឹងបន្តចុះត្រជាក់ដដែល ខណៈតំបន់ទំនាបកណ្តាលអាកាសធាតុត្រជាក់មធ្យម និងបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។

ក្រុមអ្នកព្យាករអាកាសធាតុក្រសួងធនធានទឹក និងឧតុនិយមបានរកឃើញថា ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ គ្របដណ្តប់លើកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី ២១-២៧ ខែមករា ៖
១- តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី១៩-២២°C និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
២- តំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី៣២-៣៤°C ។
៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។

ទន្ទឹមនោះនៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ សុខខេមរា


ចែករំលែក៖