ព័ត៌មានទាន់ហេតុការណ៍៖

ស្រស់ស្អាតខ្លាំង កញ្ញាឯកភពផែនដី កញ្ញា ប៉ុន សុរ៉ាវត្តី ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់មកុដ “រំដួលអង្គរ”កញ្ញាឯកភពផែនដី២០២០ (Miss Planet Cambodia 2020) បានធ្វើឲ្យគេភ្ញាក់ផ្អើល នឹងសម្រស់ស្រស់សោភា ជាមួយសមត្ថភាពខ្ពស់។ កាន់តែស្រស់ស្អាត និងទាក់ទាញគឺក្រោយពីម្ចាស់ជ័យលាភីរូបនេះគ្រងឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងប្រណីតរបស់សម្អាងការមួយនៃក្រុងសួងខេត្តត្បូងឃ្មុំ។

កញ្ញា ប៉ុន សុរ៉ាវត្តី បេក្ខភាពមកពីខេត្ត កំពង់ស្ពឺ មានវ័យ២០ឆ្នាំ កំពស់ ១.៧០ ជានិសិ្សតឆ្នាំទី១ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ នាងបានគ្រងមកុដ“រំដួលអង្គរ”កញ្ញាឯកភពផែនដី២០២០ (Miss Planet Cambodia 2020) ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ក្រោយគ្រងតំណែងនេះភ្លាម នាងបានទទួលការងារមួយចំនួនជាបន្តបន្ទាប់ក្នុងវិស័យសិល្បៈ ទាំងការសម្តែង និងបង្ហាញម៉ូត ។ តារាស្រីវ័យក្មេងរូបនេះបានបញ្ជាក់ថា នាងត្រៀមចុះកិច្ចសន្យាថតភាពយន្តថ្មីមួយក្នុងពេលដ៏ខ្លីខាងមុខ។ ពិសេសជាងនេះនាងទើបនឹងបញ្ចប់ការថតសម្អាងការរ័ត្នមង្គលពីក្រុងសួងខេត្តត្បូងឃ្មុំ ។

នាងលើកឡើងថា ការងារថ្មីនេះនាងទទួលបានការយកចិត្តទុកដាក់រៀបចំតុបតែងយ៉ាងស្រស់ស្អាតទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ អមដោយការផាត់មុខដោយអ្នកជំនាញ មិនចាញ់សម្អាងការធំៗនៅរាជធានីភ្នំពេញនោះទេ។ នាងថានេះជាឱកាសដំបូងសម្រាប់នាងក្រោយពីគ្រងមកុដ ហើយនៅមានការងារសិល្បៈជាច្រើនទៀតដែលបាននឹងកំពុងពិនិត្យ។ ទោះជាយ៉ាងណា កញ្ញាឯកស្រស់សោភារូបនេះលើកឡើងថា នាងត្រូវចំណាយពេលវេលាដើម្បីធ្វើការហ្វឹកហាត់ទាំងសមត្ថភាពដើរ ការឆ្លើយសំណួរ និងសមត្ថភាពចំណេះជំនាញផ្សេងទៀតដើម្បីជាទុនសម្រាប់ការចូលរួមប្រកួត តំណាងឲ្យកម្ពុជាចូលរួមប្រកួត Miss Planet International 2020 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងមានបេក្ខភាព ពី ៧០ ប្រទេសផ្សេងទៀត នៅខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ។

កញ្ញា រីចំណាន កល្យាណ កញ្ញាឯកភពផែនដី២០១៩បានរៀបរាប់ដែរថា ខ្លួនពិត ជារំភើប និងស្ញប់ស្ញែងចំពោះសមត្ថភាព និងរូបសម្រស់របស់ម្ចាស់មកុដឆ្នាំ២០២០ ដែលត្រូវស្នងតំណែងរបស់ខ្លួន។ កញ្ញាសង្ឃឹមថាមុតមាំថា សុរ៉ាវត្តី នឹងធ្វើតួនាទីនេះឲ្យកាន់តែល្អ ជាតំណាងស្រី្តកម្ពុជា បោះជំហានទៅកាន់ឆាកអន្តរជាតិ ដោយភាពជឿជាក់។

គួរបញ្ជាក់ដែរថា កាលពីរាត្រី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កម្ពុជាបានរៀបចំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ កញ្ញាឯកភពផែនដី Miss Planet Cambodia 2020 ក្រោមការចូលរួមពីសំណាកបេក្ខភាពស្រីស្អាតទូទាំងរាជធានីខេត្ត និងគណកម្មការពាក់ព័ន្ធ ពោរពេញដោយជំនាញ និងវិជ្ជាជីវៈជាច្រើនរូប ដើម្បីស្វែងរកបេក្ខភាពកញ្ញាឯកភពផែនដីកម្ពុជា ២០២០ ៕ វឌ្ឍនា




ចែករំលែក៖