ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើងដែលបាញ់សម្លាប់បុរសម្នាក់ក្នុងភោជនីយដ្ឋាន «ហេបភីណេស» ខណៈសង្ស័យខ្មាន់កាំភ្លើងគេចខ្លួនចេញទៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមលិខិតមួយច្បាប់របស់ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ គោរពជូនលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់បុរសម្នាក់ក្នុងភោជនីយដ្ឋាន «ហេបភីណេស» ខណៈសង្ស័យខ្មាន់កាំភ្លើងគេចខ្លួនចេញទៅក្រៅប្រទេស។

ជនសង្ស័យមានឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ ត្រូវបានលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទឃាតកម្ម។

សូមបញ្ជាក់ផងដែរថា នៅម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់នៅក្នុងភោជនីយដ្ឋាន «ហេបភីណេស» ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលមានជនរងគ្រោះមានឈ្មោះ ហូ មិនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរឌីជេតាមក្លឹប ស្នាក់នៅសង្កាត់\ខណ្ឌជ្រោយចង្វា។

ពាក់ព័ន្ធការតាមចាប់ខ្លួនខ្មាន់កាំភ្លើងរូបនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្នើសុំគោលការណ៍ពីអគ្គស្នងការនគរបាលជាតិ ដើម្បីសុំកិច្ចសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រួតពិនិត្យដំណើរច្រកចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា របស់ឈ្មោះ ដួងមុនីរដ្ឋ ក្នុងករណីរកឃើញសូមឃាត់ខ្លួន និងផ្តល់ព័ត៌មានមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖