ព័ត៌មានទាន់ហេតុការណ៍៖

​លួច​កាច់​សោ.ក​ ម៉ូតូ​គេ​បាន​សម្រេច​ហើយ រត់​មិន​រួច ប៉េអឹម ​ និង​ពលរដ្ឋ​ដេញ​ចាប់​បាន​ម្នាក់​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា បែកគំនិត​លប​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក ​ម៉ូតូ​គេ​បាន​សម្រេច ​ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ថា ចោរៗ បង្ក​ការ​ផ្អើល​ឆោឡោ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់​កាត់​ពីមុខ​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​ម្នាក់ ​​ក្រោម​កិច្ចសហការ​​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​ក្រុងព្រះសីហនុ​ជាច្រើន​នាក់​ ដែល​នាំគ្នា​រត់ចេញ​ប្រសាច​​ពី​ក្នុង​បន្ទាយ​ផង​នោះ ។

ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​១និង៣០នាទីរសៀល ថ្ងៃ​ទី​២១​ ខែមករា ​ឆ្នាំ​២០២០ ​ចំណុច​មុខ​កាស៊ីណូ​ហូ​ក ជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ តំបន់​ឃ្លាំង​លើ ស្ថិតនៅ​ក្រុមទី​១៦​ ភូមិ​១ ​សង្កាត់​លេខ​១​​​ ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ម៉ូតូ ឈ្មោះ គៀប វុទ្ធី ភេទ​ប្រុស​អាយុ៣១​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ម៉ាក​ZOOMER X ស៊េរី២០១៨​ ពណ៌​ឈាមជ្រូក​លា​យ​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 1H 1156 ។

មន្ត្រី​កងរាជអាវុធហត្ថ​ បាន​ឲ្យ​ដឹង​ទៀតថា មុន​ពេលធ្វើ​សកម្មភាព​ ជនសង្ស័យ​មាន​គ្នា​២​នាក់ ប្រើ​ប្រាស់​មធ្យោបាយ​​​ម៉ូតូ​ស្កូពី​ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ក្នុង​នោះ ៖​ ១-​ឈ្មោះ មុំ សុគា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​ ។ ​ ២-​ឈ្មោះ មុំ សុខ ភេទ​ប្រុស មាន​ទីលំនៅ​ដូចគ្នា​(​ត្រូវជា​បង​)​ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ដែល​ឃាត់ខ្លួន​បាន ​ឈ្មោះ​ មុំ សុគា និង​ដក​ហូត​បាន​ម៉ូតូ​ជនរងគ្រោះ​មក​វិញ​ម៉ាក​ZOOMER X 01​គ្រឿង ។ ​ចំណែក​ឈ្មោះ ​មុំ សុខ ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ ។ ​

បច្ចុប្បន្ន​ជនសង្ស័យ ​ និង​វត្ថុតាង ត្រូវ​បាន​បញ្ជូនទៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​អនុវត្តន៍​បន្ត​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖