នៅក្នុងទីក្រុងបាងកក់ និងនៅតាមបណ្តាខេត្តក្រុងនានាក្នុងប្រទេសថៃ គ្របដណ្តប់ដោយផ្សេងអ័ព្ទ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សាធារណៈ។ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សាលារៀននៅក្នុងទីក្រុងបាងកក ប្រទេសថៃ ចំនួនប្រហែល៤៣៧កន្លែងត្រូវបានប្រកាសឲ្យបិទទ្វារជាបណ្តោះអាសន្នដើម្បីសុខភាព សុវត្ថិភាពសិស្សសាលាក៏ដូចជាលោកគ្រូ អ្នកគ្រូ ដោយសារតែបញ្ហាផ្សែងអ័ព្ទកម្រិតពុលធ្ងន់ធ្ងរវាយលុក។
លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក (BMA)បានបញ្ជាក់ថា រដ្ឋបាលបានប្រកាសឲ្យបិទទ្វារសាលារៀនមួយថ្ងៃ កាលពីថ្ងៃពុធ នៅក្នុងទីក្រុងនេះ ដោយសារតែផ្សែងអ័ព្ទបះពាល់ដល់សុខភាព កម្រិត PM.2.5 ។
ប្រភពបានបញ្ជាក់ថា សាលារៀននៅក្នុងទីក្រុងបាងកកដែលបិទទ្វារនេះ គឺដើម្បីការពារសិស្ស និងគ្រូៗរបស់ពួកគេពីការស្រូបយកនូវផ្សែងអ័ព្ទធូលីកម្រិតពុល ។ តាមការព្យាករណ៍ ស្ថានភាពផ្សែងអ័ព្ទនៅក្នុងតំបន់នេះមានភាពល្អប្រសើរនៅប៉ុន្មានថ្ងៃឆាប់ៗខាងនេះ នៅពេលដែលវាមានខ្យល់បក់បោក ។
ស្ថានភាពផ្សែងអ័ព្ទមិនល្អប្រសើរនេះ ដោយអាស្រ័យថា មិនមានខ្យល់បក់ខ្លាំងនៅក្នុងទីក្រុង ហើយពីរបីថ្ងៃទៀត ស្ថានភាពនឹងល្អប្រសើរដូចដើមវិញហើយ ។
ម៉ាសក្រណាត់ជាច្រើនត្រូវបានចែកចាយនៅតាមមន្ទីរពេទ្យ តាមស្ថានីយផ្លូវដែក និងនៅចំណតរថយន្តក្រុងជាដើម ដើម្បីជួយដល់អ្នកប្រើប្រាស់ទាំងអស់នៅទីនោះបានពីការស្រូបយកផ្សែងអ័ព្ទ កម្រិត PM2.5 (គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់) ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
នាយកដ្ឋានគ្រប់គ្រងការបំពុលខាងបរិយាកាសនៅទីក្រុងបាងកកបញ្ជាក់ថា សង្កាត់ចំនួន២៨ ក្នុងចំណោមសង្កាត់ទាំងអស់៥០ ក្នុងទីក្រុងបាងកកទាំងមូលបានផ្ទុកនូវខ្យល់អាកាសធូលីកម្រិតពី៥០មីក្រូក្រាម(microgram)ក្នុងមួយម៉ែត្រគូប(ខ្យល់) ៕