ព័ត៌មានទាន់ហេតុការណ៍៖

អស់ពី​៨០លាន​នៅសល់​៣លានដុល្លារ​ ប្រាក់រង្វាន់ដល់អ្នកណាសម្លាប់លោក ត្រាំ បាន

ចែករំលែក៖

តើអ្នកណាមានសមត្ថភាពអាចឆ្លងកាត់​ក្រុមអង្គរក្ស និងចារកិច្ចសន្តិសុខ របស់អាមេរិក ហើយចូលទៅសម្លាប់ ប្រធានាធិបតី អាមេរិក​បាន ពិតជាមិនអាចនោះឡើយ​។ ប៉ុន្តែការប្រកាសផ្តល់រង្វាន់ឲ្យសម្លាប់ប្រធានាធិបតីអាមេរិក គ្រាន់តែជាការបញ្ចេញកំហឹង តែប៉ុណ្ណោះ ។

នៅពេលនេះ តំណាងរាស្ត្រអ៊ីរ៉ង់ ដែលមិនសូវមានឈ្មោះបោះសំឡេង​​ បានប្រកាសផ្តល់ប្រាក់រង្វាន់​៣លានដុល្លារ ដល់អ្នកណាដែលអាចធ្វើឃាតប្រធានាធិបតីអាមេរិក ដូណាលត្រាំ​។ ​ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បានលើកឡើងថា​ ការលើកឡើងរបស់តំណាងរាស្ត្រអ៊ីរ៉ង់ គឺជារឿង​អសសំណើច។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងកិច្ចប្រជុំសភាអ៊ីរ៉ង់ កាលពីថ្ងៃទី​២១ ខែមករា តំណាងរាស្ត្រមួយរូប បានប្រកាសថា បើអ្នកណាម្នាក់អាចធ្វើឃាតប្រធានាធិបតីដូណាលត្រាំដោយជោគជ័យនោះ លោកនឹងផ្តល់រង្វាន់​៣លានដុល្លារ​។

តំណាងរាស្ត្រដែលប្រកាសផ្តល់រង្វាន់ គឺលោក​ Ahmad Hamzeh ​បានលើកឡើងថា «ជំនួសមុខឲ្យពលរដ្ឋនៅក្នុងខេត្ត​ Kerman ​ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ បានប្រកាសថា ខេត្ត​ Kerman ជាស្រុកកំណើតរបស់មេទ័ព Qassem Soleimani ដែលអាមេរិក​បានវាយប្រហារសម្លាប់កាលពីថ្ងៃទី​៣ខែមករា ។

ជាមួយគ្នានេះតំណាងរាស្ត្រ​ Ahmad Hamzeh​បានស្នើដល់រដ្ឋាភិបាល បង្កើនសកម្មភាពផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ អាចបំពាក់ក្បាល់គ្រាប់ សម្រាប់វាយប្រហារ អាមេរិក​។ លោកបន្តទៀតថា«​ ប្រសិនបើយើងមានគ្រាប់បែកបរមាណូនាពេលនេះ យើងអាចការពារ ទប់ស្កាត់រាល់ការវាយប្រហារពីសត្រូវបានគ្រប់ពេលវេលា​»។

អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Wood បានលើកឡើងថា ការប្រកាសផ្តល់រង្វាន់គឺជារឿងអស់សំណើច​។ លោកបានព្រមានថា សកម្មភាព ខាងលើ​បានបង្ហាញ ពីគម្រោងភេរវកម្ម របស់អ៊ីរ៉ង់​។

កាលពីថ្ងៃតី​៨ ខែមករា ជាថ្ងៃដែល អ៊ីរ៉ង់វាយប្រហារទៅលើទីតាំងយោធាអាមេរិកពីរកន្លែងនៅក្នុងទឹកដី អ៊ីរ៉ាក់ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានផ្សាយ ពីប្រាក់រង្វាន់​៨០​លានដុល្លារដល់បុគ្គល ណាអាចសម្លាប់ប្រធានាធិបតីអាមេរិក​ ។ប្រាក់​រង្វាន់​៨០លានដុល្លារ គឺជាការបរិចាកម្នាក់​១ដុល្លារ ពីពលរដ្ឋ​អ៊ីរ៉ង់​៨០លាននាក់​៕


ចែករំលែក៖