ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប ប្រមូលផ្តុំកម្លាំងដ៏ល្អប្រសើរ ចេញដំណើរដើម្បីសេចក្តីស្រឡាញ់!

ចែករំលែក៖

ភ្នំពេញ ៖ កម្មវិធីទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញ ដែលរៀបចំដោយក្រុមហ៊ុន អ & អេហ្វ ខេមបូឌា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានធ្វើដំណើរឆ្ពោះទៅកាន់អង្គការកុមារអាស៊ីអាស្ពេកា (Enfants d’Asie) ទន្ទឹមនឹងការនាំយកនូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់កាន់តែច្រើនជូនចំពោះកុមារ យើងក៏សង្ឃឹមថា សេចក្តីស្រឡាញ់ដ៏តិចតួចទាំងនេះអាចប្រែក្លាយទៅជាការជូនពរ និងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តបន្ថែមមួយកម្រិតទៀតដល់កុមារនៅក្នុងដំណើរលូតលាស់របស់ពួកគេ។

កម្មវិធីសប្បុរសធម៌លើកនេះ បានប្រារព្ធធ្វើឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់សាលារៀនអង្គការនេះ មុនពេលចាប់ផ្តើមកម្មវិធី អ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានចុះជួបជាមួយ និងលេងកម្សាន្តជាមួយនឹងកុមារ។ កុមារទាំងនេះហាក់បីដូចជាទេពធីតា/ទេវបុត្រពោរពេញ ទៅដោយស្នាមញញឹមដ៏ស្មោះសរបំផុត ដែលស្ថិតក្នុងវ័យប្រកបដោយភាពទៀងត្រង់ ពួកគេគួរតែដូចជាផ្ការីកនានិទាឃរដូវដែលពោរពេញដោយភាពស្វាហាប់ និងសេចក្តីសង្ឃឹមដែលគ្មានដែនកំណត់។

គោលបំណងនៃកម្មវិធីសប្បុរសលើកនេះ គឺដើម្បីលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ តស៊ូដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួនប្រកបដោយភាពអង់អាច តាមរយៈការនាំយកនូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏សម្បូរបែប ដែលចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនដល់កុមារ ហើយពួកគេពិតជាមានអារម្មណ៍ត្រេកអរក្រៃលែងនៅពេលទទួលបានកាដូទាំងនេះ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះមានសេចក្ដីរំភើបឥតឧបមា។ ភាពកក់ក្តៅតិចតួចផ្តល់នូវសេចក្តីស្រឡាញ់ដ៏ធំធេង សកម្មភាពរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃនេះគឺដើម្បីរក្សានូវស្នាមញញឹមដ៏គួរឱ្យស្រឡាញ់របស់កុមារ ដើម្បីឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយ និងគ្មានកង្វល់។

លោក YU GUANG JI អ្នកទទួលខុសត្រូវផ្នែកទីផ្សារបរទេសរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាតំណាងរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងសាលារៀនអង្គការកុមារអាស៊ីអាស្ពេកា (Enfants d’Asie) ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្តជួយដល់កុមារកម្ពុជា ហើយសង្ឃឹមថា ក្មេងៗទាំងនេះអាចរស់នៅ និងសិក្សាប្រកបដោយសុខភាពល្អ និងសប្បាយរីករាយនៅក្នុងមហាគ្រួសារមួយនេះ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងបន្តចូលរួមចំណែកជាកម្លាំងក្នុងសកម្មភាពសប្បុរសធម៌នាថ្ងៃអនាគត ដោយចាត់ទុកទំនួលខុសត្រូវចំពោះសង្គម និងប្រសិទ្ធភាព និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាកត្តាសំខាន់ដូចគ្នា ព្រមទាំងខិតខំអនុវត្ត និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជាការតបស្នងសងគុណដល់សង្គមវិញ។”

ជូនផ្កាកុលាបឱ្យគេ រក្សាក្លិនក្រអូបជាប់នឹងដៃ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងរៀបចំកម្មវិធីសប្បុរសធម៌ជាប្រចាំក្នុងឆ្នាំ2020 ពេញមួយឆ្នាំ បន្តអនុវត្តទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម ក៏ដូចជាបន្តចូលរួម និងគាំទ្រដល់វិស័យសប្បុរសធម៌ ដើម្បីផ្សព្វផ្សាយនូវស្មារតីសប្បុរសរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុប ទន្ទឹមនឹងនេះផងដែរ ក៏សង្ឃឹមថា អាចនឹងជួយជំរុញដល់មជ្ឈដ្ឋានសង្គមកាន់តែច្រើនឱ្យចូលរួមក្នុងសកម្មភាពចែករំលែកក្តីស្រឡាញ់ ដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អ្នកដែលជួបប្រទះភាពខ្វះខាត និងត្រូវការជំនួយ ប្រៀបបានដូចជាអុជបំភ្លឺនូវក្តីសង្ឃឹម ផ្ទេរជូននូវក្តីប្រាថ្នា!

ក្រោយបញ្ចប់កម្មវិធី ក្មេងៗនៅទីនោះបាននិយាយថា៖ “ពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលលោកពូ និងអ្នកមីងទាំងអស់គ្នាមកលេងពួកខ្ញុំនៅសាលា។ ថ្ងៃអនាគតពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមចំណែកជួយដល់សង្គម។” ថ្នាក់ដឹកនាំសាលារៀនក៏បានសំដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះកម្មវិធីសំណោះសំណាលរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា លើកនេះ ដោយយមានប្រសាសន៍ថា៖ “កម្មវិធីនេះបានធ្វើឱ្យក្មេងៗមានអារម្មណ៍ទទួលបាននូវសេចក្តីស្រឡាញ់ពីសង្គម ទន្ទឹមនឹងនេះក៏បានផ្តល់នូវភាពកក់ក្តៅដល់ក្មេងៗផងដែរ សូមអរគុណដល់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលបានគាំទ្រដល់សកម្មភាពលើកនេះ ” ៕ ស តារា


ចែករំលែក៖