ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចខ្ចីម៉ូតូពីសិស្សស្រីម្នាក់ ដែលជាអ្នកស្គាល់គ្នារួចយកទៅបញ្ជាំ ក្រោយមកព្យាយាមគេចខ្លួនបាត់៤ថ្ងៃ ក៏ត្រូវជនរងគ្រោះតាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចចាប់វាយខ្នោះ និងចាត់ការតាមច្បាប់ ។
យោងតាមមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឲ្យដឹងថា កម្លាំងជំនាញបានទទួលឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោ១១ព្រឹក ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) នៅចំណុចមុខក្លឹបហ្គោឡាញ ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ។
មន្រ្តីដដែលបន្តថា ជនសង្ស័យឈ្មោះ ហាន់ ណាហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (គ្មានសារធាតុញៀន) បានខ្ចីម៉ូតូពីជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គូបពី ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1J-2881 ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា