ព័ត៌មានទាន់ហេតុការណ៍៖

វាយបំបែកកញ្ចក់រថយន្តមន្រ្តីក្រសួងយុត្តិធម៍ម្នាក់ លួចយកធុងបាស់បានសម្រេច ២ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពយកដុំថ្មវាយបំបែកកញ្ចក់រថយន្តរបស់មន្រ្តីក្រសួងយុត្តិធម៍ម្នាក់ រួចលួចយកធុងបាស់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនបាន២ថ្ងៃ ។

ករណីចាប់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៦៩BT ស្ថិតភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ យឹម ស៊ីដូនិច ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីក្រសួងយុត្តិធម៍ ទីលំនៅផ្ទះលេខ២៤C ផ្លូវលេខ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់៖ បែកកញ្ចក់រថយន្តម៉ាក ហាយលែនឌឺរ ពណ៌ស សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ ២U-១៧៦៩ ផ្នែកខាងឆ្វេងចំនួន០១ផ្ទាំង និង ធុងបាស់ចំនួន០១ ។

មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៩ យប់ ជនរងគ្រោះបានយករថយន្តខ្លួនមកចតមុខផ្ទះលេខ២៤C ផ្លូវលេខ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចូលក្នុងផ្ទះសម្រាកបាត់ទៅ ។ រហូតដល់ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង៦ ព្រឹក ស្រាប់តែអ្នកជិតខាងមកប្រាប់ថា រថយន្តបែកកញ្ចក់ហើយ ពេលនោះជនរងគ្រោះចេញទៅមើលឃើញរថយន្តខ្លួនបែកកញ្ចក់ និងបាត់ធុងបាស់ក្នុងរថយន្តចំនួនមួយគ្រឿងទៀត ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ។

ប្រភពបានបន្តទៀតថា ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាពយកដុំថ្មវាយបំបែកកញ្ចក់រថយន្តលួច យកធុងបាស់ចំនួនមួយគ្រឿងក្នុងរថយន្តរបស់ជនរងគ្រោះ ។ លុះដល់ថៃ្ងទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣ ទៀបភ្លឺ ជនសង្ស័យបានមកទីតាំងខាងលើម្តងទៀត ដើម្បីលួចទ្រព្យសម្បត្តិពលរដ្ឋណាដែលទុកប្រហែស ទើបកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពុនទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន យកទៅធ្វើការសាកសួរនៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលបឹងទំពុនទី២តែម្តង ។

ក្រោយធ្វើការសាកសួររួចជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានយកដុំថ្មវាយ បំបែកកញ្ចក់រថយន្តលួចយកធុងបាស់ចំនួនមួយគ្រឿងក្នុងរថយន្តរបស់ជនរងគ្រោះ ពិតប្រាកដមែន ៕ ភារ៉ា ដង្កោ


ចែករំលែក៖