ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកម៉ូតូដឹកត្រីលក់ម្នាក់ស្លាប់ភ្លាមៗខណៈបើកម៉ូតូបុកជាមួយរថយន្តកូរ៉េ១តោនកន្លះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អ្នកបើកម៉ូតូដឹកត្រីលក់ម្នាក់ បានស្លាប់ភ្លាមៗខណ:បុកជាមួយរថយន្តកូរ៉េ១តោនកន្លះ បើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យអ្នកធ្វើដំណើរចោមរោមមើល និងរន្ធត់ហូសចិត្តនឹកស្មានមិនដល់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ត្រង់ចំណុចផ្លូវកោងជិតផ្លូវបំបែកអក្ស(T)ផ្លូវជាតិលេខ៧តភ្ជាប់ផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។

នគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូឈ្មោះ ទិម វិច្ឆិកា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួន នៅពេលជួបហេតុការណ៍ ទោះបីជាយ៉ាងណាសមត្ថកិច្ច បានស្គាល់អត្តសញ្ញាណ អ្នកបើកបររថយន្តនោះហើយ ។

នគរបាលបន្តឲ្យដឹងទៀតថា បើតាមសាក្សីនៅកន្លែងកើតហេតុ គេឃើញមានរថយន្តកូរ៉េ មួយតោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខ.យ1743.ភព2 បើកក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចផ្លូវកោង ក៏បត់ចូលទៅកន្លែងធ្វើរថយន្ត ។ ខណៈនោះក៏មានម៉ូតូម៉ាក អិចសិុនធ័រ ពណ៌សគ្មានស្លាកលេខ មកពីក្រោយក្នុងល្បឿនលឿន ស្របទិសគ្នាបានបុកពីចំហៀងរថយន្តពេញទំហឹងម៉ូតូប៉ើងចូលព្រៃ និងមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

បន្ទាប់មកនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកដល់កន្លែងកើតហេតុ វាស់វែងនាំយករថយន្ត និងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកជនបង្កជាតៃកុងរថយន្តនោះ មកដោះស្រាយទៅតាមច្បាប់ ។

ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ មាស សុផាត


ចែករំលែក៖