ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរុស្សី២នាក់វាយប្លន់ជនជាតិរុស្ស៊ីដូចគ្នា របួសពេញខ្លួន និងជំរិតទារប្រាក់២០០០ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលចំណាក្រោមនៅ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា បានប្រទះឃើញជនបរទេស នៅតាមដងផ្លូវជាតិលេខ ៦ ដោយមានស្នាម របួសពេញខ្លួន ។

នគរបាលបញ្ជាក់សភាពរឿងថា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ម៉ោង២២ និង 00 នាទីយប់ សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលចំណាក្រោម ភូមិសាស្ត្រ ស្រុកស្ទោង បានចេញល្បាត តាមដងផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិស្ពានគ្រង ឃុំចំណាក្រោម ហើយ បានប្រទះឃើញជនបរទេស ១នាក់ មានស្លាក ស្នាមរបួសជាច្រើនកន្លែង តែមិនមានឈាម(របួសចាស់) សមត្ថកិច្ចនគរបាល បានបញ្ជូនជនរងគ្រោះមកព្យា បាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្ទោង តែពេទ្យស្រុកបានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

ឆ្លងតាមការ សាកសួរយកព័ត៌មានពីជនរងគ្រោះ ឈ្មោះ Anton ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិរុស្សី ស្នាក់នៅភូមិកំពង់បាយជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា មានជនជាតិរុស្សី ២ នាក់ មិនស្គាល់អត្តសញ្ញាណ បានបបួលជនរងគ្រោះផឹកសីុនៅហាងជាប់មាត់សមុទ្រ ហើយបានចាប់ជនរងគ្រោះធ្វើទារុណកម្ម និងបង្ខាំងក្នុងរថយន្តចំនួន 3 ថ្ងៃ ហើយបានយកប្រាក់ចំនួន ២០០០$ និងទូរស័ព្ទដៃចំនួន ២ គ្រឿង ហើយពួកវាបានដឹកជនរងគ្រោះមកទំលាក់ចោលនៅចំណុចខាងលើ (ដោយស្មាន ថាជនរងគ្រោះស្លាប់) រួចជនសង្ស័យបានបន្តដំណើរតាមរថយន្ត វែនតូច ឆ្ពោះទៅកាន់ខេត្តសៀមរាប ។

ក្រោយការស្ដាប់បានអំពីដំណើររឿងហេតុ និងឆ្លងតាមការពិនិត្យស្លាកស្នាមរបួសលើដងខ្លួនជនរងគ្រោះ សមត្ថកិច្ចបាន សន្និដ្ឋានថា ជនរងគ្រោះបានរងរបួសពេញខ្លួនដោយ សារអំពើធ្វើទារុណកម្មក្នុង ករណីចាប់ជំរិតទារប្រាក់ ។ ករណីនេះ សមត្ថកិច្ចនគរបាល កំពុងចាត់ការតាមនីតិវិធីបន្ត រីឯជនរងគ្រោះកំពុងត្រូវបានបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពុំមានឯកសារអ្វីមួយនៅជាប់នឹងខ្លួនទេ ។

លោក យ៉ង សំ អធិការ ស្រុកស្ទោង បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅខេត្តកំពតវិញហើយ ក្រោយពីសំរាកព្យាបាលនៅពេទ្យបង្អែកខេត្តរយះពេល២ថ្ងៃរួចមក ចំណែកជនសង្ស័យត្រូវបានស្នងការខេត្តកំពង់ធំ ទំនាក់ទំនង សហការជាមួយស្នងការខេត្តកំពត បន្ដស្រាវជ្រាវរកជនសង្ស័យមកផ្ដទ្ទាទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖