ព័ត៌មានទាន់ហេតុការណ៍៖

ទុក្ខជាន់ទុក្ខរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកសិស្សដួលសន្លប់មកមន្ទីរពេទ្យខេត្ត ចៃដន្យអាក្រក់បុកម៉ូតូឆ្លងថ្នល់​ស្លាប់២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ពិតជាទុក្ខជាន់លើទុក្ខមែនរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខណៈកំពុងបើកបរដឹកសិស្សរងគ្រោះ ដែលដួលសន្លប់តាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអាក្រក់មកដល់ចំណុចផ្លូវបំបែកជាបួនបុកជាមួយអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់២នាក់ប្ដីប្រពន្ធនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះហាស់ ចន អាយុ ៧០ ឆ្នាំ មុខរបរ កសិករ និងឈ្មោះ តូច សុខ ភេទ ស្រី អាយុ ៦៨ ឆ្នាំមុខរបរកសិកររស់នៅភូមិ ស្វាយរូង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង។

ប្រភពីសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស់វ័យចំណាស់ម្នាក់និងប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១ D៤៧៥៩ បើកពីទិសខាងលិចទៅកើត លុះមកដល់ខាងលិចផ្លូវបំបែកជាបួន បានបត់ឆ្វេងបំរ៉ុងទៅជើង ក៏ត្រូវរថយន្តសាមុយ​ដឹកសិស្សរងគ្រោះមកពីទិសខាងកើតបញ្ច្រាស់ទិសគ្នាបុកពេញទំហ៊ឹង អូសទាំងម៉ូតូនិងមនុស្សជាង១០ម៉ែត្រ រថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ទាំងពីរនាក់ប្តីប្រពន្ធនៅកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបានបន្តថា រីឯសិស្សរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសាមុយមន្ទីរពេទ្យខេត្តស្វាយរៀង មកសាងយកទៅសង្គ្រោះ ក៏ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា មានការព្រួយបារម្មណ៍អំពិសុវត្ថិភាពសិស្សរងគ្រោះ ដែលជួបគ្រោះដួលសន្លប់២លើក មានសុខភាពខ្សោយធ្ងន់ធ្ងរពេលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវប្តូររថយន្តហើយគ្រូពេទ្យដកបំពង់ខ្យល់អុកស៊ីស៊ែនចេញពីច្រមុះ ខណៈប្តូររថយន្តនោះធ្វើឲ្យសិស្សរងគ្រោះទ្រុឌទ្រោមស្ទើរពុំដកដង្ហើមមិនដឹងថា វាសនាយ៉ាងណានោះទេ គឺកំពុងសង្គ្រោះបន្ទាន់ ៕ យឹម សុថាន


ចែករំលែក៖