ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រ៊ីតបើកបុកម៉ូតូ២គ្រឿងកំពុងឈប់ចតចិញ្ចើមផ្លូវ ស្លាប់ម្នាក់ របួស៥នាក់បន្សល់ស្លាកលេខនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហាយប្រ៊ីតមួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូចំនួន២គ្រឿងដែលចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៥នាក់ ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តបង្កបើកគេចខ្លួនបាត់បន្សល់ទុកការជាប់ស្លាកលេខនៅកន្លែងកើតហេតុ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សុន ស៊ីថាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកកម ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូ២គ្រឿងមានគ្នា៦នាក់ កំពុងឈប់ចាំគ្នានៅលើចិញ្ចើមផ្លូវ ពីកើតទៅលិច ស្រាប់តែរថយន្តបង្កម៉ាកហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-1001 បើកល្បឿនលឿនពីកើតទៅលិច បុកពេញទំហឹង ផ្លោងខ្ទាតម៉ូតូទាំង២គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់ទៀត រថយន្តដាច់របូតកាងមុខ ធ្លាក់ទាំងស្លាកលេខ តែរថយន្តបើកគេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតចំណែកម៉ូតូ និងស្លាកលេខរថយន្តបង្កត្រូវបានសមត្ថកិច្ចយករក្សាទុករងចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់ ៕ សុខា សែនជ័យ


ចែករំលែក៖