ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគងនាំគ្នាចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្នក្មេង ចាស់ប្រុសស្រីប្រមាណ ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាបឹងធំមួយនេះអ្នកភូមិនៅទីនោះបានអភិរក្សត្រីទុកមិនឲ្យមានការនេសាទផ្តេសផ្តាសនោះទេ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវដែលជាទំនៀមរបស់អ្នកស្រុកប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយការរកត្រីនេះ គឺ អនុញ្ញាតឲ្យប្រជាពលរដុ្នក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យតែប្រជាពលរដ្នភូមិក្រៅចុះចាប់នោះឡើយ ការចាប់ត្រីនេះអនុញាតិឲ្យប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឆ្នៀង អង្រុត និងសំណាញ់ជាដើម ក្នុងពិធីចាប់ត្រីនេះគឺគណៈកម្មការភូមិបានរៀបចំប្រកាសឲ្យពលរដ្នបានដឹងជាមុខថា មុនចុះចាបើត្រី ត្រូវឲ្យសញ្ញាដោយ បាញ់កាំជ្រួចបន្លឺស្នូរជាការអនុញ្ញាតឲ្យចុះចាប់ត្រីបាន ។

លោក ពេជ្រ ឃិន មេភូមិ ភូមិបង្កោង និងជាគណៈកម្មការរៀបចំ បានឲ្យដឹងថា នៅឆ្នាំនេះខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង ទើបមិនសំបូរត្រី ហើយគណៈកម្មការគ្រប់គ្រង និងអភិរក្សបឹងបានប្រលែងកូនត្រីប្រមាណ ១.៥០០ក្បាល កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ ដើម្បីរក្សាទិន្នផលត្រីដើម្បីបានផ្គត់ផ្គង់កម្មវិធីនៅឆ្នាំនេះបន្ត ហើយចំពោះការចាប់ត្រីនេះ គណៈកម្មការបានកំណត់ជាពីរផ្នែក ដែលជាដំបូងប្រជាពលរដ្នទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់សម្រាស់ការពារមិនឲ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ ។

លោក ពេជ្រ ឃិន បានឲ្យដឹងទៀតថា ការចាប់ត្រីឡើងមាឃនេះ មានជាយូរយារមកហើយ ដែលធ្វើឡើងបន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់ ប៉ុន្តែការរៀបចំបានភាពគគ្រឹគគគ្រែងនេះ គឺមានប្រមាណជាង១០ឆ្នាំកន្លងមកនេះទេ នៅពេលលោកមានតួនាទីជាមេភូមិក្នុងភូមិបង្កោង ហើយលោកបានណែនាំដល់ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាថែរក្សាទំនៀមទម្លាប់នេះ ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយនាពេលអនាគត ដែលពិធីនេះ តែងតែបានប្រារព្ធឡើងរៀងរាល់ថ្ងៃ១កើត ខែមាឃ ៕ ប៊ុនរិទ្ធី


ចែករំលែក៖