ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សម្ដីគ្នាក្នុងវង់ល្បែងរួចដកកាំភ្លើងបាញ់ប្រហារ ម្នាក់ចូលពេទ្យ ម្នាក់រត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានករណីផ្ទះអាវុធមួយក្នុងវង់ល្បែង ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្ដាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនដៃដល់កំពុងរត់គេចខ្លួន ។

ជនរងគ្រោះ​មាន​ ឈ្មោះ ឃិន ឆៃយ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រកបមុខរបរ រើសអេតចាយ ស្នាក់នៅ ដីឡូ ជួលគេ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ជន​ដៃដល់​មាន​ឈ្មោះ​ ហ្វ៊ី​ណូ​ អាយុ​៤៥ឆ្នាំ​ជាង​ ។ ចំណែកម្ចាស់​កាំភ្លើង​មាន​ឈ្មោះ​ ជួន​ គឹម​ហៀង​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ មុខ​របរ​ជាមន្ត្រី​នគរបាល​ ស្នាក់នៅ​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។ ​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងបុកប៉ីយ៉ែដូចរាល់ដង ចំណែកជនដៃដល់ និងម្ចាស់កាំភ្លើងជាមន្ត្រីនគរបាល ព្រមទាំងម្ចាស់តាបប៉ីយ៉ែ បានផឹកស៊ីជាមួយគ្នានៅក្បែរនោះ ។ បន្ទាប់ក្រោយមក មិនដឹងថា ជនរងគ្រោះ និងជនដៃដល់មានបញ្ហាអ្វីពីមុនមកនោះទេ ស្រាប់តែជនដៃដល់ស្ទុះយកកាំភ្លើងពីបុរសម្នាក់ដែលជាមន្ត្រីនគរបាលអង្គុយផឹកស៊ីជាមួយគ្នា មកបាញ់ចំផ្នែកជើងជនរងគ្រោះបណ្ដាលឲ្យធ្លុះពីម្ខាងទៅម្ខាងរងរបួសហូរឈាមពេញផ្លូវ និងឆ្លៀតដើររកបងប្អូនឲ្យជួយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះផងដែរ ។ ចំណែកជនដៃដល់បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌ ចុះស្រាវជ្រាវតាមចាប់ជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖