ខេត្តស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់មូល ក្រុងស្វាយរៀង ។
លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ក្នុងនាមតំណាងលោកអភិបាលក្រុងដែលជាប្រធាន គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅ ដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលក្រុង និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រក្នុងក្រុង ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសៗផ្សេងៗ ។
ចំពោះការអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាកុលអាវុធជាតិផ្ទុះគ្រឿងញៀនគឺធ្វើជាប្រចាំ ដូចភ្លៀងរលឹមនៅតាមដងផ្លូវនានាក្នុងមូលដ្ឋាន មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៏ឲ្យបានគ្រប់ៗគ្នា និងដើម្បីបង្កើនភាពកក់ក្ដៅក្នុងការរស់នៅរបស់បងប្អូនប្រជាជនក្នុងមូលដ្ឋានក្នុងក្រុង និងអ្នកធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តប្រកបដោយសុវត្ថិភាពខ្ពស់ ៕ យឹម សុថាន