ក្រុងប៉ោយប៉ែត៖ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវជាតិ និងអន្តជាតិចេញចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយអាជ្ញាធក្រុងចែកជូនម៉ាស់ ដោយមិនគិតថ្លៃក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីវីរុសកូរ៉ូណា ។
ក្នុងប្រត្តិបតិការនោះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរក្រុងរួមទាំងមន្រ្តីក្រោមឱវាទទាំងអស់ ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានប្រសាសន៍ថា ចំពោះម៉ាស់ដែលចែកជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាអាជីវករ កម្មករ អ្នករត់ម៉ូតូឌុបនោះទេ គឺបានមកពីសប្បុរសជនដែលជាម្ចាស់អំណោយទីជិតទីឆ្ងាយទាំងអស់ ដែលពួកគាត់ជួយតាមលទ្ធភាពរបស់ពួកគាត់ ។
លោកបញ្ជាក់ថា លោកមានការសប្បាយរីករាយដោយមានការសហការគ្នាល្អរវាងអ្នកសារព័ត៌មានជាតិអន្តរជាតិក្នុងការចែកម៉ាស់ការពារសុខភាពបង្កាទប់ស្កាត់នៅវីរុសថ្មីកូរ៉ូណាវីរុស ហើយសកម្មភាពចុះចែកម៉ាស់នេះមិនមែនតែម៉ាស់ចំនួន១លានម៉ាស់នោះទេ តាមពិតទៅកម្លាំង នឹងធ្វើឡើងរហូតដូចភ្លៀងរលឹម លុះត្រាណាតែប្រភេទជំងឺវីរុសថ្មីនេះ ថមថយទើបកម្លាំងឈប់បន្តចែកម៉ាស់ ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)ខណៈដែលជំងឺកាចសាហាវនេះ បានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេជាភព្វសំណាងណាស់ ។
ក្នុងនោះសម្តេច ក៏បានប្រាប់ដល់និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសចិនថា៖ «សូមក្មួយ និងនិស្សិតខ្មែរ សិក្សានៅប្រទេសចិន ថែរក្សាសុខភាពឲ្យបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ» ។
ក្នុងនោះពលរដ្ឋ ក៏ដូចជាអាជីវករ ធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានការរំភើប និងមានទំនុកចិត្តលើកម្លាំងនគរបាលច្រកទ្វារព្រំដែន ក៏ដូចជាអាជ្ញាធរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់លើពលរដ្ឋដើម្បីការពារកុំឲ្យមានជំងឺដែលកើតឡើងដោយវីរុសថ្មីកាចសាហាវនេះ ឆ្លងដល់ពួកគាត់រួមទាំងដាក់ បញ្ជាឲ្យមន្ត្រីក្រោមឱវាទយកចិត្តខ្ពស់លើពលរដ្ឋទៅ និងបញ្ហាជំងឺកាចសាហាវខាងនេះ ៕ វណ្ណា