ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ខឹងម្ដាយខ្លួនទៅលេងផ្ទះម្ដាយមីងយូរមិនទាន់ត្រឡប់មកផ្ទះខ្លួនវិញ បានជិះកង់ទៅហៅម្ដាយនៅឯផ្ទះម្ដាយមីង ហើយក៏បង្កើតបានជាជម្លោះទាស់ពាក្យសម្ដីគ្នាជាមួយម្ដាយមីង រហូតម្ដាយមីងពោលពាក្យថា អាឆ្កែ ក៏ខឹងស្ទុះទៅយកដំបងឫស្សីមករុកតាមប្រឡោះរនាប បណ្ដាលឲ្យត្រូវចំភ្លៅស្រ្ដីរងគ្រោះជាម្ដាយមីងរងរបួសជាំ ហើយនៅតែមិនអស់ចិត្ដក៏យកដុំឥដ្ឋគប់ផ្ទះស្រ្ដីរងគ្រោះខូចខាត់អស់មួយចំនួនទៀតផងដែរ ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធាម វុទ្ធី ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯស្រ្ដីរងគ្រោះឈ្មោះ ធាម វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យ និងស្រ្ដីរងគ្រោះត្រូវជាម្ដាយមីង និងក្មួយ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ស្រ្ដីជាម្ដាយរបស់ជនសង្ស័យបានលេងផ្ទះប្អូនជាស្រ្ដីរងគ្រោះ លុះមកដល់វេលាម៉ោង២១ និង៣០នាទី ស្រាប់តែជនសង្ស័យបានជិះកង់មកហៅម្ដាយរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ខណៈនោះក៏មានទំនាស់ពាក្យសម្ដីគ្នាជាមួយស្រ្ដីរងគ្រោះជាម្ដាយមីងជនសង្ស័យ រហូតធ្វើឲ្យស្រ្ដីរងគ្រោះជេរថា អាឆ្កែ ជាហេតុធ្វើឲ្យជនរងគ្រោះខឹង ក៏យកដំបងឫស្សីមករុកតាមប្រឡោះរនាប បណ្ដាលឲ្យត្រូវភ្លៅម្ដាយមីងរងរបួសជាំ ហើយនៅតែមិនអស់ចិត្ដ ជនសង្ស័យបានត្រឡប់ទៅផ្ទះវិញយកដាវ និងកាំភ្លើងខ្យល់ រួមទាំងដុំឥដ្ឋមកគប់ទៅលើផ្ទះស្រ្ដីរងគ្រោះ បណ្ដាលឲ្យខូចខាត និងប៉ះពាល់ផលដំណាក្បែផ្ទះអស់មួយចំនួនផងដែរ ។ ភ្លាមៗនោះ ជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ឲ្យជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹង តែជនសង្ស័យបានរត់គេចខ្លួនបាត់ ។ រហូតមកដល់ថ្ងៃទី២៦ ខែឆ្នាំកើតហេតុ វេលម៉ោង១០ ទើបសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបាន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ