ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជាបានថ្លែងក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណា(corona)ថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេឯង ហើយថាករណីនេះ ក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ ។
គួរបញ្ជាក់ថា ជំងឺកូរ៉ូណា ផ្ទុះឡើងនៅទីក្រុង វូហាន ខេត្ត ហ៊ូប៉ី (Hubei)ភាគកណ្តាលរបសប្រទេសចិន ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែង ដែលមានសត្វព្រៃខុសច្បាប់ផងដែរ ។
ជំងឺនេះ ឆ្លងរាលដាលខ្លាំង មិនត្រឹមនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លងទៅកាន់ប្រទេសជាង១០ថែមទៀត។
យោងតាមបណ្តាញផ្សព្វផ្សាយបានបញ្ជាកថា ប្រទេសចិនឆ្លងជំងឺនេះ ២ ៨២៥ករណី និងស្លាប់៨១នាក់, ហុងកុង៨ករណី, ប្រទេសថៃ៨ករណី, ម៉ាកាវ៦ករណី, អូស្ត្រាលី៥ករណី, តៃវ៉ាន់៥ករណី, អាមេរិក៥ករណី, ជប៉ុន៤ករណី, ម៉ាឡេស៊ី៤ករណី, សិង្ហបុរី ៤ករណី, កូរ៉េខាងត្បូង៤ករណី, បារាំង៣ករណី, វៀតណាម២ករណី និងប្រទេសនេប៉ាល១ករណី ។ សរុបទាំងអស់ឆ្លងចំនួន ២៨៨៤នាក់ និងស្លាប់អស់៨១នាក់ ៕