ភ្នំពេញ: នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ លោកជំទាវ Liurka Rodriguez Barrias បានគោរពជម្រាបជូន សម្ដេចតេជោ ថាលោកជំទាវពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកជំទាវបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា និងបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាគឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធហើយជាទំនាក់ទំនាងមួយដែលមានអាយុកាលជាង ៦០ឆ្នាំហើយនៅឆ្នាំនេះ។
លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា បេសកកម្មរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។ លោកជំទាវក៏បានមានប្រសាសន៍ថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀតជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របទៅនឹងការលើកឡើងរបស់លោកជំទាវជាមួយនឹងការវាយតំលៃរបស់លោកជំទាវទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោក៏បានយល់ស្របជាមួយលោកជំទាវផងដែរទាក់ទងទៅនឹងការពង្រីក ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈជំរុញនូវកិច្ចសហប្រតិបត្តិការនូវវិស័យផ្សេងៗ ដែលប្រទេសយើងទាំងពីរមានស្រាប់មកហើយ។ ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សូមឱ្យធ្វើយ៉ាងណាពិនិត្យលើកិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខាហើយ ហើយជំរុញការអនុវត្តនេះតាមកិច្ចព្រមព្រៀងទាំងនោះ ហើយនៅពេលនេះសូមពិនិត្យទៅលើអ្វីផ្សេងៗទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន។
ជាទីបញ្ចប់សម្ដេចតេជោបានជូនពរលោកជំទាវ ឱ្យបេសកកម្មរបស់លោកជំទាវនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕