ខណៈដែលនៅទូទាំងពិភពលោកកំពុងនាំគ្នាភ្ញាក់ផ្អើលជ្រួលច្របល់នឹងការកើតមានវិរុសកូរ៉ូណា នោះ ធ្វើឲ្យមនុស្សមួយចំនួនធំកំពុងមានការព្រួយបារម្ភ តែនាងខ្ញុំបានសង្កេតឃើញថាប៉ុន្មានថ្ងៃមកនេះនៅប្រទេសកម្ពុជាយើងឯណេះវិញ ក៏មានមនុស្សមួយចំនួនតូច ហាក់មិនខ្វល់ខ្វាយពីបញ្ហានេះ បែរជាឆ្លៀតឱកាសកេងចំណេញពីវីរុសកូរ៉ូណា លក់ផលិតផលទប់ស្កាត់ការរីករាលដាលជំងឺសាហាវមួយនេះដោយការដំឡើងថ្លៃខ្ពស់ទៅវិញ ។
នាងខ្ញុំយល់ថា វាជាឱកាសត្រីងៀតឆ្លៀតពងរបស់មនុស្សមួយចំនួនតូច ជាពិសេសក្រុមឈ្មួញដែលមិនឈឺឆ្អាលនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលសុំមិនឲ្យលក់ដំឡើងថ្លៃផលិតផលទប់ស្កាត់វីរុសកូរ៉ូណា ដូចជា ម៉ាស់ ឬឱសថជាដើមនោះ ឃើញថាពួកគេមិនគោរពតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលទេ ផ្ទុយទៅវិញគេបែរជាសប្បាយចិត្តនឹងដំឡើងថ្លៃរាល់ផលិតផលទាំងនោះដើម្បីបានប្រាក់ចំណេញកប់ក្តោងទៅវិញ ។
នាងខ្ញុំសូមលើកឧទាហរណ៍ឲ្យចំៗ ពីការលក់ម៉ាស់ការពារការឆ្លងមេរោគតាមផ្លូវដកដង្ហើម ដោយពីមុនកើតមានវិរុសកូរ៉ូណា គេលក់ក្នុង១ប្រអប់តែ ១,៨០ ដុល្លារប៉ុណ្ណោះ តែពេលនេះគេលក់ឡើងថ្លៃរហូតដល់ ១៤,៥០ដុល្លារក្នុងមួយប្រអប់ ដែលតម្លៃនេះធ្វើឲ្យឈ្មួញចំណេញកប់ក្តោង ហើយរកម៉ាស់លក់មិនបានទៀតផង។ ទាំងនេះនៅមិនទាន់គិតពីតម្លៃឱសថផ្សេងៗ ពាក់ព័ន្ធជំងឺនេះ ដែលឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃមួយគ្រាសិននោះទេ ។
នាងខ្ញុំគិតថា បើមិនបានចូលួមចំណែកក្នុងការទប់ស្កាត់វិរុសកូរ៉ូណា ជាមួយប្រជាជនលើពិភពលោក ឬតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលទេ សូមក្រុមឈ្មួញមួយចំនួនតូចទាំងនោះកុំដំឡើងថ្លៃម៉ាស់ធ្ងន់ធ្ងរពេក បើអាចធ្វើបានសូមចំណេញតិចតួចបានហើយ កុំដល់ម្លឹងពេក ។
ជាមួយនេះនាងខ្ញុំសូមអំពាវនាវដល់ក្រសួងសុខាភិបាល ជាពិសេសប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយទប់ស្កាត់បញ្ហានេះផង បើពុំដូច្នោះទេឈ្មួញមួយចំនួននោះនឹងធ្វើមានបានតាមរយៈឆ្លៀតឱកាសពីវិរុសកូរ៉ូណានេះ ហើយអ្នកខាតគឺប្រជាពលរដ្ឋឯណេះវិញទេ ៕ ពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់